ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរ ទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីបើក សម្ពោធព្រះវិហារគ្រឹស្ត Nortre-Dame
វ៉ាសុីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើដំណើរ ទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីបើក សម្ពោធព្រះវិហារគ្រឹស្ត Nortre-Dame ឡើងវិញ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
វាគឺជាដំណើរទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូងបំផុត របស់លោក ត្រាំ គិតចាប់តាំងពី លោកបានជាប់ឆ្នោតជាប្រធានាធិបតីនៃ សហរដ្ឋអាមេរិក កាលពីដើមខែវិច្ឆិកា។
ព្រះវិហារ Nortre-Dame ដ៏ល្បីល្បាញប្រចាំរដ្ឋធានីប្រទេសបារាំង បានរងការឆាបឆេះ យ៉ាងធ្ងន់ធ្ងរ ក្នុងគ្រោះអគ្គិភ័យកាលពីជាង៥ឆ្នាំមុន។ កាលពីថ្ងៃចន្ទ លោក ត្រាំ បានបង្ហោះសារលើ បណ្តាញទំនាក់ទំនងសង្គម កោតសរសើរកិច្ចប្រឹងប្រែង របស់រដ្ឋាភិបាលប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការស្តារជួសជុល ព្រះវិហារគ្រឹស្តបុរាណមួយនេះ ឡើងវិញ។
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ត្រាំ គឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលបារាំង។ ក្រុមការងារផ្ទេរអំណាចរបស់លោក ត្រាំ មិនទាន់បានឆ្លើយតបនៅឡើយទេ ចំពោះសំណួរថា តើលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក នឹងជួបមេដឹកនាំបរទេសដទៃទៀត នៅទីក្រុងប៉ារីសដែរឬអត់។ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខណៈវានឹងជា អាណត្តិកាន់អំណាចលើកទី២ ក្រោយរូបលោកធ្លាប់ធ្វើជាប្រធានាធិបតីអាមេរិក បានមួយអាណត្តិកាលពីចន្លោះឆ្នាំ២០១៧-២០២១៕