កប៉ាល់ដឹកទំនិញ ត្រូវបានលិចនៅដែនសមុទ្រក្រហមប្រទេសអេហ្ស៊ីប ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន
អេហ្ស៊ីប៖ យោងតាមក្រសួងបរិស្ថានរបស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងថា កាលពីថ្ងៃចន្ទ កប៉ាល់ដឹកទំនិញដែលមានទង់ជាតិកូម៉ូរ៉ូស បានចាប់ផ្តើមលិចនៅជិតថ្មប៉ប្រះទឹកផ្កាថ្ម ពីឆ្នេរសមុទ្រនៃទីក្រុង Quseir ក្នុងដែរគ្រប់គ្រងនៅសមុទ្រក្រហមរបស់ប្រទេសអេហ្ស៊ីប។
កប៉ាល់ដែលមានឈ្មោះថា VSG Glory ដែលផ្ទុកកន្ទក់ ៤.០០០តោន ប្រេងម៉ាស៊ូត ៧០តោន និងឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ ៥០តោន បានកំពុងធ្វើដំណើរពីប្រទេសយ៉េមែន ឆ្ពោះទៅកាន់កំពង់ផែ Tawfiq ក្នុងទីក្រុង Suez នៅគ្រាដែលនោះវាបានលិច ហើយសមាជិកនាវិកទាំង ២១នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាព ហើយបច្ចុប្បន្នកំពុងត្រូវបានសាកសួរព័ត៌មានដោយអាជ្ញាធរអេហ្ស៊ីប។
ក្រសួងខាងលើបានឱ្យដឹងថា ខ្យល់បានបោកបក់ខ្លាំង រលកខ្ពស់ និងដំណើរការខុសបច្ចេកទេសបានធ្វើឱ្យកប៉ាល់បាត់បង់ការគ្រប់គ្រង និងបុកជាមួយនឹងថ្មប៉ប្រះទឹក ដែលបណ្តាលឱ្យមានស្នាមប្រេះប្រវែង ៦០សង់ទីម៉ែត្រ។
ក្រសួងបានឲ្យដឹងទៀតថា ទឹកសមុទ្របានហូរចូលលិចបន្ទប់ម៉ាស៊ីន ហើយឥន្ធនៈម៉ាស៊ូតបានចាប់ផ្តើមលេចធ្លាយចូលទៅក្នុងទឹកដែលនៅជុំវិញ ដែលបង្កឲ្យមានការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មទាំងនោះ។
សេចក្តីប្រកាសបានឲ្យដឹងថា ថ្វីបើមានការខិតខំប្រឹងប្រែងជួយសង្គ្រោះកប៉ាល់នេះក៏ដោយ ទីបំផុតវាបានក្រឡាប់ និងបានលិចដោយសារតែការខូចខាតយ៉ាងខ្លំាង និងលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់។