មនុស្សរាប់លាននាក់នៅគុយបា កំពុងរស់នៅក្នុងភាពងងឹតសូន្យសុង
ហាវ៉ាណា៖ គុយបាបានអះអាងកាលពីល្ងាចថ្ងៃពុធទី៤ ធ្នូថា ខ្លួនកំពុងព្យាយាមផលិតថាមពលអគ្គិសនីឱ្យគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រហែល១ភាគ៦នៃតម្រូវការខ្ពស់បំផុត។ ការណ៍នេះ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីបណ្តាញអគ្គិសនីជាតិ បានដួលរលំធ្វើឱ្យមនុស្សរាប់លាននាក់គ្មានថាមពលប្រើប្រាស់។
សហភាពអគ្គិសនីជាតិគុយបា (UNE) អះអាងថា ខ្លួនកំពុងផលិតអគ្គិសនី៥៣៣មេហ្គាវ៉ាត់ ចំពេលប្រជាជនគុយបាភាគច្រើនរស់នៅក្នុងភាពងងឹតសូន្យសុង។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលគ្រប់គ្រងដោយបក្សកុម្មុយនីស្ដបានអះអាងថា ខ្លួននឹងផ្តល់អាទិភាពដល់ការចែកចាយថាមពលទៅកាន់មន្ទីរពេទ្យ និងកន្លែងផ្គត់ផ្គង់ប្រព័ន្ធទឹក។ ទន្ទឹមនឹងនេះ សាលារៀន និងសេវាកម្មរដ្ឋាភិបាលមិនសំខាន់ ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។ នេះគឺជាការដាច់ចរន្តអគ្គិសនីចុងក្រោយបំផុតទូទាំងប្រទេសគុយបា។ ការតវ៉ាបានផ្ទុះឡើងក្នុងរយៈពេលពីរខែចុងក្រោយ ជុំវិញការដាច់ចរន្តអគ្គិសនីម្ដងហើយម្ដងទៀត ក៏ដូចជាការខ្វះខាតទឹកប្រើប្រាស់ ឧស្ម័ន និងស្បៀងអាហារ។
នៅឆ្នាំនេះ ប្រទេសគុយបាបានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ដោយកង្វះខាតប្រេងឥន្ធនៈ គ្រោះមហន្តរាយធម្មជាតិ និងវិបត្តិសេដ្ឋកិច្ច។ ការថយចុះនៃការនាំចូលប្រេងពីប្រទេសវេណេហ្ស៊ុយអេឡា រុស្សី និងម៉ិកស៊ិក បានរុញច្រានរោងចក្រថាមពលដើរដោយប្រេងឥន្ធនៈធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងពេញលេញ។ ការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនម៉ោង និងការខ្វះខាតស្បៀងអាហារ ឱសថ និងទឹក បានធ្វើឱ្យជីវិតកាន់តែមិនអាចទ្រាំទ្របានសម្រាប់ប្រជាជនគុយបាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ការណ៍នេះ បង្ខំឱ្យប្រជាជនគុយបាភៀសខ្លួនចេញពីកោះនេះក្នុងចំនួនដ៏ច្រើនលើសលប់។ ជុំវិញវិបត្តិទាំងនេះ គុយបានស្តីបន្ទោសលើការដាក់ទណ្ឌកម្មរបស់អាម៉េរិក ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់ប្រតិបត្តិការហិរញ្ញវត្ថុ និងការទិញប្រេង៕