យុវជន ស.ស.យ.ក គាំទ្រការដំឡើងអាករពិសេសថ្នាំជក់
ភ្នំពេញ៖ អាករពិសេស មានលក្ខណ:ខុសពីពន្ធធម្មតា ព្រោះអាករពិសេសដាក់បន្ទុកតែលើផលិតផលដែលប៉ះពាល់ខ្លាំងដល់សុខភាព បរិស្ថាន សេដ្ឋកិច្ច និងសង្គម ដូចជាផលិតផលថ្នាំជក់ ដែលផលិតផលនេះ បានធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ ១៥ ០០០នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ថវិកា ៦៤៩ លានដុល្លារអាមេរិក យោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា កម្ពុជាមានបន្ទុកពន្ធសរុបលើផលិតផលថ្នាំជក់ទាបជាងគេក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន កម្ពុជាមានបន្ទុកពន្ធសរុបលើផលិតថ្នាំជក់ត្រឹម ២៥% ធៀបនឹងតម្លៃបារីលក់រាយ ខណៈប្រទេសថៃ ៧៩% ប្រទេសហ្វីលីពីន ៧១% និងប្រទេសសិង្ហបុរី ៦៨%។
កន្លងមក ឧស្សាហកម្មថ្នាំជក់តែងតែលើកអំណះអំណាងបំភាន់ថា ការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់នឹងធ្វើឱ្យមានការកើនឡើងបារីគេចពន្ធ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។
លោកស្រីបណ្ឌិត ADA MOADSIRI, Acting NHL Team Lead អង្គការសុខភាពពិភពលោក បានច្រានចោលការអះអាងរបស់ឧស្សហកម្មថ្នាំជក់ខាងលើ ដោយបានបញ្ជាក់ថា “ ការគេចពន្ធបារី គ្មានទំនាក់ទំនងទៅនឹងការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ទេ។ ការគេចពន្ធបារី ក៏អាចកើនឡើង ទោះបីជាបារីមានអត្រាពន្ធទាបក៏ដោយ។” ការសិក្សានៅប្រទេសម៉ុងហ្គោលី និងប្រទេសហ្វីលីពីន បានបញ្ជក់ច្បាស់ថា មិនមានភស្តុតាងនៃការគេចពន្ធបារី នៅពេលប្រទេសទាំងពីរបានដំឡើងអាករពិសេសលើផលិតផលបារីយ៉ាងខ្ពស់។
លោកស្រីបណ្ឌិត HANA ROSS អ្នកជំនាញ Health Tax Expert បានមានប្រសាសន៍ថា “ការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ មិនប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការជំរុញកំណើនសេដ្ឋកិច្ចទេ ផ្ទុយទៅវិញ វាជួយកាត់បន្ថយបន្ទុកសង្គម និងសង្គ្រោះប្រជាពលរដ្ឋរាប់លាននាក់ក្នុងមួយឆ្នាំៗ។”
ការគាំទ្ររបស់យុវជន សសយក លើការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ ធ្វើឡើងនៅក្នុង វេទិកាយុវជនស្ដីពី “ អាករពិសេសលើថ្នាំជក់ ” នៅថ្ងៃទី 05 ខែធ្នូ ឆ្នាំ2024 ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា៕