ឯកឧត្តម ផៃ ប៊ុនឈឿន អញ្ជើញប្រកាសកែសម្រួលសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង
ភ្នំពេញ៖ នៅរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានការលេខាធិការដ្ឋានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានអានសេចក្តីសម្រេចស្តីពីកែសម្រួលសមាសភាពក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ដឹកនាំក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក។
ក្នុងនោះ ឯកឧត្តម សរ សុពុត្រា បានទទួលសេចក្តីសម្រេច ពីសំណាក់ឯកឧត្តម ផៃ ប៊ុនឈឿន ជាអនុប្រធានអចិន្ត្រៃយ៍ ដើម្បីដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងបានឡើងមានប្រសាសន៍ថា៖
រយៈពេល១៤៦ថ្ងៃគត់ នៃការមុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្ត ក្នុងនោះក៏បានពន្លឿនការអនុវត្តសកម្មភាពការងារសំខាន់ៗមួយចំនួនធំក្នុងខេត្ត ពិសេសគឺការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការបង្រ្កាបបទល្មើស ការរៀបចំព្រឹត្តិការណ៍បុណ្យជាតិ អន្តរជាតិ ថ្នាក់ខេត្ត ការកែលម្អសោភ័ណភាពក្រុង ការអន្តរគមន៍ឆ្លើយតបដោះស្រាយសំណូមពរសំណើរ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលើកកម្ពស់ការចូលរួមរបស់ប្រជាជនតាមគ្រប់រូបភាព រួមទាំងការគោរពទង់ជាតិនៅតាមទីប្រជុំជន ក្រុង ស្រុក និងនៅតាមឃុំសង្កាត់ក្នុងខេត្ត។
ឯកឧត្តម ផៃ ប៊ុនឈឿន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តស្ទឹងត្រែង ព្រមទាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរប្រកបដោយ ស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឲ្យកត់សម្គាល់។
ជាមួយគ្នានេះឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្តសម្រាប់ជាត្រីវិស័យក្នុងការងារពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមជាមួយការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសឆ្លើយតបបានទាន់ពេលវេលានូវការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ៕