រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លេីសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច និងបញ្ហាផ្សេងៗពាក់ព័ន្ធការងារគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លេីសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន ធី.អេស.អិម.ដាប់ប៊ែលយូ ឯ.ក និងបញ្ហាផ្សេងៗពាក់ព័ន្ធការងារគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់អង្គប្រជុំផ្តោតទៅលេីការពង្រឹងច្បាប់ឱ្យមានភាពតឹងរឹង និងត្រួតពិនិត្យទៅលេីកិច្ចសន្យាឱ្យមានភាពច្បាស់លាស់ និងសុីជម្រៅ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថាក្រសួងកសិកម្មគឺជាអាណាព្យាបាល ដែលត្រូវគ្រប់គ្រងឱ្យបានរឹងមាំ ម៉ត់ចត់ ដឹងអំពីតួនាទីភារកិច្ច ជាពិសេសគម្រោងវិនិយោគត្រូវមានផែនការមេ និងត្រូវអនុវត្តតាមផែនការមេដែលបានកំនត់ឱ្យមានប្រសិទ្ធភាព ព្រមទាំងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។