ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកជាមន្ត្រីរាជការ និងបំពាក់មេដាយជូនមន្រ្តី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកជាមន្ត្រីរាជការ និងបំពាក់មេដាយជូនមន្រ្តី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រែវែងជាច្រើនរូប។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនដែលបាន ដឹកនាំ គ្រប់គ្រង និងខិតខំប្រឹងប្រែងអនុវត្តការងារក្នុងវិស័យទៅបានល្អប្រសើរ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសលើការពង្រឹងប្រសិទ្ធភាពការងារ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំ ដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរ-ស្ថាប័នចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវប្រឹងប្រែងអស់កម្លាំងកាយចិត្តប្រើប្រាស់ធនធានមនុស្សឱ្យអស់សក្តានុពលដើម្បីសម្រេចគោលដៅរាជរដ្ឋាភិបាល លើវិស័យដែលខ្លួនទទួលខុសត្រូវ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ថា “គ្រប់ខ្សែផ្លូវអាចខូចខាតដោយកត្តាចៃដន្យ ឬប្រធានស័ក្តិ តែមិនអាចខូចខាតដោយការសាងសង់គ្មាន ឬខុសបច្ចេកទេសនោះទេ” ៕