អភិបាលខេត្តក្រចេះ ណែនាំដល់អធិការដ្ឋាននគរបាលស្រុកស្នួល ត្រូវជម្រុញដល់គ្រប់ប៉ុស្ត៍ឃុំ បន្តពង្រឹងកម្លាំងចុះយាមល្បាតតាមគោលដៅជាប់ជាប្រចាំ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញា នៅក្នុងមូលដ្ឋាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ឆ្នាំទី១ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់គោលបំណងវេទិកា គឺដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងបានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានបញ្ចេញមតិយោបល់ និងការសំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានជាដើម។
បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិការអង្គវេទិកាទាំងមូលចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ដូចជា៖ ១).ស្នើសុំប័ណ្ណក្រីក្រ, ២).បញ្ហាចោរកម្ម, ៣).សុំធ្វើនិងជួសជុលផ្លូវចេញចូលភូមិ, ៤).បញ្ហាលែងសត្វគោក្របីចោលគ្មានសណ្តាប់ធ្នាប់, ៥).ស្នើសុំសាលារៀន និង៦).ស្នើសុំឯកសណ្ឋានសម្រាប់ប្រជាការពារ ។ ហើយពាក់ព័ន្ធនឹងសំណើរសំណូមពរខាងលើនេះ អង្គវេទិកាបានធ្វើការពន្យល់បកស្រាយ និងដោះស្រាយជូននៅនឹងកន្លែង ពីសំណាក់សមាជិកសមាជិកា និងមន្រ្តីជំនាញពាក់ព័ន្ធជុំវិញខេត្ត ស្រុក និងឃុំ ដែលធ្វើឱ្យពួកគាត់ស្ងប់ចិត្ត ក្នុងការប្រកបរបរប្រចាំថ្ងៃ។ ក្នុងនោះដែរអាជ្ញាធរឃុំបានបកស្រាយពន្យល់អំពីគោលការណ៍និងលក្ខខណ្ឌនៃដំណើរការចាត់ថ្នាក់ផែនការកសាងជាអាទិភាព ចូលទៅក្នុងគម្រោងមូលនិធិអភិវឌ្ឍឃុំ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានណែនាំដល់អធិការដ្ឋាននគរបាលស្រុក ត្រូវជម្រុញណែនាំដល់គ្រប់ប៉ុស្ត៍ឃុំ៖
១)-បន្តពង្រីកការផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងពង្រឹងកម្លាំងចុះយាមល្បាតតាមគោលដៅជាប់ជាប្រចាំ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញា នៅក្នុងមូលដ្ឋាន
២)-មេឃុំត្រូវចុះពិនិត្យជាក់ស្តែង និងសម្ភាសន៍បងប្អូនតាមការស្នើសុំ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាល
៣)-សុំឱ្យឃុំនិងប៉ុស្តិ៍ត្រូវចុះពិនិត្យ និងណែនាំព្រមទាំងធ្វើកិច្ចសន្យា ចំពោះម្ចាស់គោក្របី ដែលបានលែងសត្វទាំងនោះឱ្យដើរអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណៈ និងមានការចង់ ឬធ្វើរបងឃាំងឱ្យបានត្រឹមត្រូវ
៤)-ចំពោះសំណើសុំសាលា ដោយសព្វថ្ងៃសិស្សមានចំនួនច្រើន ហើយត្រូវរំលែកមករៀននៅសាលាបុណ្យ ឯកឧត្តមអភិបាលខេត្តនឹងធ្វើរបាយការណ៍លម្អិតដាក់ជូនទៅក្រសួងអប់រំ ដើម្បីទទួលបានដំណោះស្រាយជូន ៕