ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន និង ទូតបារាំង អញ្ជើញអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ
ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតី ក្នុងពីធីអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមប្រធានបទ “ទាំងអស់គ្នាស្ម័គ្រចិត្តដើម្បីការសាមគ្គី បរិយាបន្ន និងចីរភាពសហគមន៍” និងពិធីបិទ “ការប្រកួតផ្តាច់ព្រ័ត្រកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ២០២៤” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត តំណាងអង្គការដៃគូ អ្នកស្ម័គ្រចិត្តបង្គោលមកពីគ្រប់រាជធានី ខេត្ត តំណាងមកពីវិស័យឯកជន លោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រចិត្ត សរុបប្រមាណ ៩០០នាក់ ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការងារស្ម័គ្រចិត្តសម្រាប់យុវជន សហគមន៍ និងសាកលលោកទាំងមូល ដោយគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលបារាំងចំពោះសកម្មភាពការងារស្ម័គ្រចិត្តនៅកម្ពុជាតាមរយៈគម្រោងជាច្រើន ដូចជា ការអភិវឌ្ឍជំនាញសម្រាប់យុវជន ការផ្តល់អាហារូបករណ៍ កម្មវិធីស្ម័គ្រចិត្តរយៈពេលខ្លី និងវែង (Volunteer Porgram) កម្មវិធីផ្លាស់ប្តូរអ្នកស្ម័គ្រ (Exchange program)និងការបន្តលើកកម្ពស់ស្តង់ដានៃការងារស្ម័គ្រចិត្តឱ្យកាន់តែល្អប្រសើរ និងសម្បូរបែបក្នុងចំណោមយុវជន ដោយរំពឹងថាកម្មវធីផ្លាស់ប្តូរអ្នកស្ម័គ្រនឹងមានកាន់តែច្រើនថែមទៀតរវាងកម្ពុជា និងបារាំង។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំងចំពោះការចូលរួមគាំទ្រដល់ការអភិវឌ្ឍយុវជនកម្ពុជាកន្លងមក និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអគ្គនាយកដ្ឋានយុវជន ដែលបានរៀបចំកម្មវិធីនេះឡើង ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ដែលជាដៃគូដ៏ជិតស្និទ្ធចូលរួមចំណែកសហការជួយឧបត្ថម្ភគាំទ្រដល់ដំណើរការនៃកម្មវិធីប្រកួត និងការប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំនេះ ឱ្យដំណើរការដោយរលូន និងទទួលបានជោគជ័យ ជាពិសេសបន្តជំរុញ និងលើកកម្ពស់សកម្មភាពស្ម័គ្រចិត្តរបស់យុវជនឱ្យកាន់តែផុលផុស និងកាន់តែធំទូលាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនៅថ្នាក់តំបន់។
គោលដៅនៃការងារស្ម័គ្រចិត្ត គឺដើម្បីបណ្តុះស្មារតីការលះបង់ចំពោះការជួយអ្នកដទៃ និងសហគមន៍ ដោយឈរលើផលប្រយោជន៍រួមជាមូលដ្ឋាន ហើយក៏បង្ហាញពីទឹកចិត្តដ៏ទូលំទូលាយ ដែលជាសកម្មភាពបំពេញបន្ថែមដល់យុវជនក្នុងការពង្រឹងបំណិនសតវត្សទី២១ និងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ ជំរុញភាពរីកចម្រើនលើគ្រប់វិស័យសំដៅឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធីអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត ត្រូវបានក្លាយជាកម្មវិធីគន្លឹះមួយនៅក្នុងការអនុវត្តស្តង់ដាសាលារៀនគំរូ តាមរយៈការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា ឆ្ពោះទៅលើកកម្ពស់ សីលធម៌ និងចរិយាធម៌របស់សិស្សានុសិស្ស ដោយក្រសួងបានដាក់ចេញវិធានការ ដូចជា៖
(១). «ការអភិវឌ្ឍផ្នែកទន់» ក្រសួងបានបញ្ជ្រាប និងបញ្ចូលកម្មវិធីអភិវឌ្ឍយុវជនទូទៅនៅក្នុងសាលារៀន ដូចជា ការអប់រំបរិស្ថាន អនាម័យស្អាត សីលធម៌ ការងារសហគមន៍។ល។ ដើម្បីកាត់បន្ថយពេលទំនេរ និងបង្កើតទម្លាប់ល្អរបស់សិស្ស។
(២). ការរៀបចំ «កម្មវិធីអប់រំចរិយាធម៌» ដោយផ្តោតជាសំខាន់លើការចេះគោរពចាស់ទុំ តាមរយៈការសំពះ ការស្លៀកពាក់ស្អាតបាត និងអនាម័យល្អ ។
(៣). ការរៀបចំ «សេចក្តីណែនាំស្តីពីការអប់រំចរិយាសម្បទា» ដោយដកស្រង់ពីមុខវិជ្ជាសីលធម៌ និងពលរដ្ឋវិទ្យា។ ការរៀបចំវិធានការដើម្បីលើកកម្ពស់ការយល់ដឹងពីគុណតម្លៃវប្បធម៌ និងអារ្យធម៌ខ្មែរ ដូចជា ការសំពះ និងឥរិយាបថល្អៗសម្រាប់បណ្តុះទម្លាប់កុមារ និងយុវជន។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី គាំទ្រចំពោះការសម្រេចចិត្តក្នុងការពង្រឹង និងពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីអប់រំ និងតម្រង់ទិសវិជ្ជាជីវៈ សម្រាប់ការអនុវត្តគម្រោងរបស់យុវជន ព្រោះសាលារៀនសិស្សានុសិស្ស និងសហគមន៍ នឹងទទួលបានអត្ថប្រយោជន៍ ជាច្រើនចេញពីកម្មវិធីនេះ និងសូមស្នើឱ្យដៃគូ វិស័យឯកជន ព្រមទាំងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង សហការអនុវត្តគម្រោងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានលទ្ធផលល្អប្រសើរស្របតាមការរំពឹងទុក សំដៅរួមចំណែកលើកកម្ពស់ការសិក្សា ការតម្រង់ទិសវិជ្ជាជីវៈ និងការងារស្ម័គ្រចិត្តរបស់យុវជនក្នុងសហគមន៍មូលដ្ឋានឱ្យកាន់តែសកម្ម។
គួរបញ្ចាក់ដែរថា កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) ២០២៤ ( Volunteer for My Community – VMC 2024) បានអនុវត្តទូទាំង ២៥ រាជធានី ខេត្ត ដែលមានគម្រោងយុវជនស្ម័គ្រចិត្តសរុបចំនួន ៨៩គម្រោង ហើយតាមរយៈវគ្គផ្ដាច់ព្រ័ត្រនេះ បានរកឃើញក្រុមគម្រោងឆ្នើមចំនួន ៣ និងឆ្នើមរងចំនួន ៣ ។
សូមចូលរួមអបអរសាទរក្រុមយុវជនស្ម័គ្រចិត្តជ័យលាភីគម្រោងឆ្នើមចំនួន ៣ ក្រុមមក ពីខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងឧត្តមានជ័យ ដែលឈ្នះពានរង្វាន់ និងមេដាយក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ប្រចាំឆ្នាំ២០២៤៕