ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ តែងតាំងលោក David Perdue ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសចិន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថាលោកបានជ្រើសរើសអតីតសមាជិកព្រឹទ្ធសភា លោក David Perdue សម្រាប់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ ធ្វើការប្រកាសខាងលើ នៅក្នុងការបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social។ «លោក (David Perdue) នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការអនុវត្តយុទ្ធសាស្ត្ររបស់ខ្ញុំ ដើម្បីការពារសន្តិភាពនៅក្នុងតំបន់ ហើយធ្វើការទំនាក់ទំនងប្រកបដោយផលិតភាពជាមួយមេដឹកនាំចិន»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
លោក ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បាននិយាយថាលោកនឹងដំឡើងពន្ធបន្ថែម១០ភាគរយលើទំនិញ នាំចូលពីចិន រហូតទាល់តែទីក្រុងប៉េកាំងប្រឹងប្រែងបន្ថែមដើម្បីចូលរួមបញ្ឈប់ការជួញដូរថ្នាំញៀន fentanyl ចូលទៅកាន់សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ប្រធានាធិបតី ជាប់ឆ្នោតរូបនេះក៏បានគំរាមយកពន្ធ ៦០ភាគរយ លើទំនិញចិនផងដែរ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត៕