ចិន លុបចោលការរឹតបន្តឹងពាណិជ្ជកម្ម លើរោងចក្រកែច្នៃសាច់ របស់អូស្ត្រាលី
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលីបានឱ្យដឹងនៅសប្តាហ៍នេះថា ប្រទេសចិនបានលុបចោលការរឹតបន្តឹងពាណិជ្ជកម្មលើរោងចក្រកែច្នៃសាច់របស់អូស្ត្រាលីចំនួនពីរ ដោយអនុញ្ញាតឱ្យមានការចាប់ផ្តើមការនាំចេញពេញលេញឡើងវិញនូវសាច់ក្រហមទៅកាន់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ឥឡូវនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងលើទីតាំងកែច្នៃសាច់សត្វទាំង១០ របស់អូស្ត្រាលី ដែលចិនបានហាមឃាត់ចាប់ពីឆ្នាំ២០២០ ដល់២០២២។
បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ការហាមប្រាមនេះត្រូវបានដាក់ចេញក្នុងអំឡុងពេលដែលប្រទេសចិនបានរារាំងការនាំចូលទំនិញនានារួមមានទាំងធ្យូងថ្ម ស្រូបាលី និងស្រាពីប្រទេសអូស្ត្រាលី បន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃកើតមានជំងឺកូវីដ-១៩។
ស្ទើរតែការរឹតបន្តឹងទាំងអស់នោះត្រូវបានដកចេញអស់ហើយគិតចាប់តាំងពីរដ្ឋាភិបាលថ្មីបានឈ្នះឆ្នោតក្នុងឆ្នាំ ២០២២ ដោយការហាមឃាត់ចុងក្រោយដែលជាការជួញដូរបង្កងនឹងចាប់ផ្តើមឡើងវិញនៅចុងឆ្នាំ។
លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី អាន់តូនី អាល់បានេស (Anthony Albanese) ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «នេះគឺជាដំណឹងដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុននាំចេញ ក្រុមហ៊ុនផលិត និងកសិករអូស្ត្រាលី»។
លោកមានប្រសាសន៍ថា៖ «ចាប់តាំងពីយើងជាប់ឆ្នោតមក យើងបានធ្វើការងារដោយមិននឿយហត់ដើម្បីបន្តពាណិជ្ជកម្មឡើងវិញ ហើយនោះជាអ្វីដែលយើងកំពុងមើលឃើញ។ វាគឺជាការឈ្នះសម្រាប់ពាណិជ្ជកម្ម និងជ័យជម្នះសម្រាប់ការងារនៅអូស្ត្រាលី»។
ប្រទេសចិនគឺជាទីផ្សារធំទីពីរសម្រាប់សាច់គោពេញវ័យ និងសាច់គោកូនគោរបស់អូស្ត្រាលី បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមាបចំណែកប្រហែល ២សែនតោនក្នុងមួយឆ្នាំ និងមានតម្លៃប្រហែល ១,៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕