ក្រសួងបរិស្ថាន និងអង្គការ WCS បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងការពារនិងអភិរក្សាធនធានធម្មជាតិនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក Robert Menzi, ប្រធានស្តីទីនិងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) នៅរាជធានីភ្នំពេញ។
លោក Robert Menzi, បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអស់រយៈពេល ២៥ឆ្នាំ រហូតមកដល់ពេលនេះ រវាងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ ដើម្បីចូលរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់អង្គការ WCS ដែលរយៈពេល២៥ឆ្នាំមកទល់ថ្ងៃនេះ បានចូលរួមជាដៃគូអភិវឌ្ឍន៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការ បង្កើតគម្រោងអភិរក្សផ្អែកលើការអភិវឌ្ឍសហគមន៍ ដើម្បីការពារសត្វព្រៃ និងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យអង្គការWCS ពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការឥណទានកាបូន នៅតាមតំបន់ការពារធម្មជាតិ ដែលក្នុងនោះនៅដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់សំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះ ការការពារ ទីជម្រកធម្មជាតិ និងការអភិវឌ្ឍសហគមន៍៕