ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល សុំទោសប្រជាជន ខណៈការបោះឆ្នោតដកតំណែងកាន់តែខិតជិតមកដល់
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល បានសុំទោសដល់ប្រជាជននៅក្នុងសុន្ទរកថាតាមទូរទស្សន៍ខ្លីមួយនៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ មុនពេលការបោះឆ្នោតដកតំណែងរូបលោកជុំវិញការប្រើច្បាប់អាជ្ញាសឹក ដែលបង្កភាពវឹកវរទូទាំងប្រទេស។
នៅក្នុងសុន្ទរកថាខ្លីមួយទៅកាន់ប្រទេសជាតិ លោក យូន បានសុំទោសចំពោះការប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយនិយាយថា វាត្រូវបានធ្វើឡើងចេញពីការអស់សង្ឃឹមរបស់គាត់ក្នុងនាមជាប្រធានាធិបតី។ លោកបាននិយាយថា៖«ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង និងសូមអភ័យទោសដោយស្មោះចំពោះប្រជាពលរដ្ឋ ដោយបន្ថែមថាលោកបានបណ្តាលឱ្យមានការថប់បារម្ភ និងការរអាក់រអួលដល់ពលរដ្ឋកូរ៉េខាងត្បូង»។ មិនត្រឹមតែប៉ុណ្ណោះ លោកបានសន្យាថានឹងមិនប្រកាសប្រើច្បាប់អាជ្ញាសឹកជាលើកទី២ ឡើយ។
លោក យូន បន្ថែមថា លោកប្រគល់ការគ្រប់គ្រងរដ្ឋាភិបាលទៅឱ្យគណបក្សកាន់អំណាច ហើយនឹងអនុញ្ញាតឱ្យគណបក្សសម្រេចអាណត្តិរបស់គាត់។ លោកអះអាងថា នឹង មិន គេច ពី ការ ចោទ ប្រកាន់ ផ្លូវ ច្បាប់ ទេ។
សុន្ទរកថានេះគឺជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក យូន ចាប់តាំងពីលោកបានលុបចោលបទបញ្ជាច្បាប់អាជ្ញាសឹកនៅព្រឹកថ្ងៃពុធ។ បាតុកម្មកាន់តែក្ដៅគគុកប្រឆាំងនឹងលោក យូន ជុំវិញការប្រើច្បាប់អាជ្ញាសឹក។ ប៉ូលិសរំពឹងថាមនុស្សរាប់ម៉ឺននាក់នឹងចូលរួមបាតុកម្មប្រឆាំងលោក យូន នៅថ្ងៃសៅរ៍មុនការបោះឆ្នោតដកតំណែង។
មេដឹកនាំគណបក្សកាន់អំណាចកូរ៉េខាងត្បូង លោក ហាន់ ដុងហុន (Han Dong-hoon) បាននិយាយបន្ទាប់ពីសុន្ទរកថារបស់លោក យូន ថា៖« លោកប្រធានាធិបតីលែងមានតួនាទីក្នុងការបំពេញកាតព្វកិច្ចសាធារណៈទៀតហើយ ហើយការលាលែងពីតំណែងរបស់លោកនៅពេលនេះ គឺមិនអាចជៀសបានឡើយ»។
ការដកតំណែងលោក យូន នឹងត្រូវការការគាំទ្រពីពីរភាគបីនៃសភា ឬ២០០ នៃសមាជិក៣០០។ គណបក្ស ប្រជាធិបតេយ្យ និង គណបក្សប្រឆាំង តូចៗ ផ្សេងទៀត រួមគ្នា មាន១៩២អាសនៈ។ គួរបញ្ជាក់ថា ប្រសិនបើលោក យូន លាលែងពីតំណែង ឬត្រូវបានដកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហាន ឌុក-សូ (Han Duck-soo) នឹងបំពេញតួនាទីជាអ្នកដឹកនាំរហូតដល់ការបោះឆ្នោតថ្មីមួយត្រូវបានប្រារព្ធឡើង៕