ឯកឧត្តម រស់ វណ្ណា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្នុងដំណើរបេសកកម្មគាំទ្រគម្រោងលើកទី៣ របស់ WB ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅខេត្តសៀមរាប
ភ្នំពេញ៖ នាថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាការងារក្នុងដំណើរបេសកកម្មគាំទ្រគម្រោងលើកទី៣របស់ក្រុមការងារធនាគារពិភពលោក(WB) ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅខេត្តសៀមរាប ជាមួយក្រុមការងាររបស់ធនាគារពិភពលោក ដែលដឹកនាំដោយ លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធានគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញបច្ចេកទេសជាសមាជិកគម្រោង ព្រមទាំងតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន តំណាងសាលាខេត្តសៀមរាប តំណាងក្រុមហ៊ុនប្រមូលសំរាមGAEA ក្រុមហ៊ុនCintri រួមជាមួយស្ថាប័ន និងមន្ត្រីពាក់ព័ន្ធការងារគម្រោងមួយចំនួន។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារដែលបានធ្វើឡើងក្នុងបេសកកម្មកន្លងមក និងចុះទៅពិនិត្យទីតាំងទុកដាក់សំរាមចាស់ និងទីតាំងថ្មីដែលនឹងត្រូវសាងសង់នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ក្នុងការពិនិត្យស្ថានភាពការរស់នៅដោយផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។
សូមបញ្ជាក់ផងដែរថា ៖ គម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះនឹងប្រើប្រាស់ផ្ទៃដីសរុបប្រមាណ ៤៥ហិកតា ហើយផ្ទៃដីដែលត្រូវអនុវត្តក្នុងជំហានដំបូងនេះត្រឹមតែ ២៥ហិកតាប៉ុណ្ណោះ ដែលស្ថិតក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕