ឯកឧត្តម ថេង ច័ន្ទសង្វារ និងឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលបង្កើតភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងក្រុមជំនួយការ ផ្នែកព័ត៌មាន និង បណ្តាញផ្សព្វផ្សាយសង្គម
ភ្នំពេញ៖ នៅវិមាន ៧មករា នារសៀលថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ មានការរៀបចំពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (យ.គ.ក.) ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធាន យ.គ.ក. និងឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានផ្នែក និងសមាជិកសមាជិកាក្រុមជំនួយការផ្នែក។
ពិធីសំណេះសំណាលនេះធ្វើឡើងដើម្បីបង្កើនភាពស្និទស្នាលរវាងថ្នាក់ដឹកនាំ យ.គ.ក. និងក្រុមជំនួយការ និងពិនិត្យលើវឌ្ឍនភាពការងារដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងទិសដៅការងារបន្ទាប់របស់ផ្នែក។
នាឱកាសនោះក្រុមការងារចំណុះផ្នែក ក៏ទទួលបានការកោតសរសើរ ចំពោះការចូលរួមយ៉ាងសកម្ម ក្នុងការគ្រប់គ្រងព័ត៌មាន និងការផ្សព្វផ្សាយពីសមិទ្ធផលការងាររបស់គណបក្ស ការស្រាយបំភ្លឺ និងបដិឃោសនាចំពោះការញុះញុង ពីក្រុមឧទ្ទាមក្រៅច្បាប់ និងជនអគតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្ស និងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
សមាជិកសមាជិកាផ្នែក និងក្រុមជំនួយការទទួលបានការណែនាំ ឱ្យពិនិត្យធ្វើបច្ចុប្បន្នភាពសមាជិក និងរចនាសម្ព័ន្ធឡើងវិញ និងពង្រឹងការសហការជាមួយយុវជន ចំណុះឱ្យរចនាសម្ព័ន្ធគណបក្សគ្រប់ជាន់ថ្នាក់ ដើម្បីជំរុញកិច្ចការងារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ឱ្យកាន់តែទទួលបាននូវលទ្ធល្អប្រសើរមួយកម្រិតទៀត ដោយគោរពតាមអភិក្រម ”ថ្មី ពិត លឿន និងទូលំទូលាយ” ៕