អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនជុំវិញច្បាប់អាជ្ញាសឹក
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យបានចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim Yong-hyun ជុំវិញតួនាទីរបស់លោកនៅក្នុងការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី យូន ស៊ុកយុល កាលពីសប្តាហ៍មុន។
លោក Kim Yong-hyun បានផ្តល់ការលាលែងពីតំណែង ត្រូវបានគេមើលឃើញថា ជាតួអង្គកណ្តាលក្នុងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី។
យោងតាមមន្ត្រីយោធាកំពូលមួយរូប និងសមាជិកសភាបក្សប្រឆាំងដែលបានដាក់ពាក្យដកដំណែងលោក យូន ស៊ុកយុល បានលើកឡើងថា លោក Kim Yong-hyun បានធ្វើសំណើនេះទៅកាន់លោក យូន។
លោក យូន បានរួចផុតពីការបោះឆ្នោតដកដំណែង ដែលជំរុញដោយការប៉ុនប៉ងរយៈពេលខ្លីរបស់ខ្លួនក្នុងការដាក់ច្បាប់អាជ្ញាសឹក ប៉ុន្តែមេដឹកនាំគណបក្សកាន់អំណាចអះអាងថា ប្រធានាធិបតីរូបនេះនឹងត្រូវចុះចេញពីតំណែង។
របាយការណ៍បានឲ្យដឹងថា ក្រុមស៊ើបអង្កេតពិសេសរបស់អយ្យការបានសាកសួរលោក Kim ដែលបានបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូលនៅម៉ោងប្រហែល១ៈ៣០នាទីព្រឹកថ្ងៃអាទិត្យ។
គណបក្សប្រឆាំងចំនួនបី បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការប្រឆាំងនឹងលោក យូន លោក Kim និងមេបញ្ជាការច្បាប់អាជ្ញាសឹក លោក Park An-su ដោយចោទប្រកាន់ពួកគេពីបទក្បត់ជាតិ។ លោក គីម ប្រឈមមុខនឹងការហាមឃាត់ការធ្វើដំណើរ ខណៈដែលព្រះរាជអាជ្ញាបាននិងកំពុងស៊ើបអង្កេត។ ប៉ូលិសជាតិ ក៏កំពុងស៊ើបអង្កេតការអះអាងអំពីការក្បត់ជាតិប្រឆាំងនឹងលោក យូន និងរដ្ឋមន្ត្រីកំពូលផងដែរ។
ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន បានធ្វើឱ្យកូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយគំរាមកំហែងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះ។