ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញឱ្យអ៊ុយក្រែន និងរុស្ស៊ីបង្ហាញលក្ខខណ្ឌសម្រាប់បទឈប់បាញ់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានបទឈប់បាញ់ និងការចរចាជាបន្ទាន់រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្ត ដែលជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងវិមានក្រឹមឡាំងរៀបចំបញ្ជីលក្ខខណ្ឌរបស់ពួកគេ។
លោក ត្រាំ បានធ្វើអត្ថាធិប្បាយបែបនេះត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីបានជួបជាមួយលោក ហ្សេឡេនស្គី នៅទីក្រុងប៉ារីសសម្រាប់ការចរចាទល់មុខគ្នាជាលើកដំបូងចាប់តាំងពីឈ្នះការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។
លោកបានប្ដេជ្ញាថានឹងធ្វើការចរចាបញ្ចប់ជម្លោះ ប៉ុន្តែរហូតមកដល់ពេលនេះមិនបានផ្តល់ព័ត៌មានលម្អិតទេ។ លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថាលោក ហ្សេឡេនស្គី និងអ៊ុយក្រែនចង់ធ្វើកិច្ចព្រមព្រៀងមួយ និងបញ្ឈប់ភាពវឹកវរ។ រដ្ឋធានីកៀវបានបាត់បង់ទាហានប្រមាណ ៤០០,០០០នាក់ ដូច្នេះវាគួរតែមានបទឈប់បាញ់ជាបន្ទាន់ ហើយការចរចាគួរតែចាប់ផ្តើម។ លោកស្គាល់លោក ពូទីន យ៉ាងច្បាស់ នេះជាពេលវេលាដ៏សមស្របមួយ ហើយប្រទេសចិនអាចជួយបាន។ ពិភពលោកកំពុងរង់ចាំ។
លោក ត្រាំ និងលោក ហ្សេឡេនស្គី បានជួបពិភាក្សាគ្នារយៈពេលមួយម៉ោង រួមជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ផងដែរ។ លោក ត្រាំ និងលោក ហ្សេឡេនស្គី បានចាប់ដៃគ្នាទាំងញញឹម ប៉ុន្តែវាមិនច្បាស់ទេថាតើការសន្ទនាបានទៅជាយ៉ាងណា។ ភាគីបារាំងនិងអ៊ុយក្រែនបានបញ្ជាក់ថាការពិភាក្សាដំណើរការទៅបានល្អ និងមានផ្លែផ្កសា។
យ៉ាងណាមិញ លោក ហ្សេឡេនស្គី បានប្រតិកម្មទៅនឹងសាររបស់លោក ត្រាំ ដោយនិយាយថា សន្តិភាពមិនមែនគ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការធានាប្រកបដោយប្រសិទ្ធភាពសម្រាប់សន្តិភាព។
លោកបានលើកឡើងថា នៅពេលពិភាក្សាសន្តិភាពជោគជ័យជាមួយរុស្ស៊ី ជាដំបូងយើងត្រូវពិចារណាលើការធានាសន្តិភាពប្រកបដោយប្រសិទ្ធភាព។ ប្រជាជនអ៊ុយក្រែនប្រាថ្នាសន្តិភាពជាងអ្នកណាទាំងអស់។ សង្គ្រាមមិនអាចដោះស្រាយបានដោយក្រដាសមួយសន្លឹក និងហត្ថលេខាមួយចំនួនបាននោះទេ។ បទឈប់បាញ់ដោយគ្មានការធានាអាចត្រូវបានបំពាននៅពេលណាក៏បានដូចដែលលោក ពូទីន បានធ្វើកន្លងមក។ ដើម្បីធានាថាប្រជាជនអ៊ុយក្រែនមិនទទួលរងការស្លាប់និងរបួសបន្ថែមទៀត យើងត្រូវរក្សាស្ថិរភាពនៃសន្តិភាព។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានរៀបចំសន្និសិទជាមួយអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបការអត្ថាធិប្បាយរបស់លោក ត្រាំ។ លោក ប៉េស្កូវ បាននិយាយថា រុស្ស៊ីបើកចំហសម្រាប់កិច្ចពិភាក្សា ប៉ុន្តែពួកគេត្រូវតែផ្អែកលើកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងឆ្នាំ២០២២ និងស្ថានភាពពិតប្រាកដនៃសមរភូមិបច្ចុប្បន្ន។ លោក ពូទីន បាននិយាយម្ដងហើយម្ដងទៀតថា កិច្ចព្រមព្រៀងបឋមនៅទីក្រុងអ៊ីស្តង់ប៊ុលអាចជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សានាពេលអនាគត។
លោក ប៉េស្កូវ មានរាយរាប់ថា ជំហររបស់យើងចំពោះអ៊ុយក្រែន ត្រូវបានបញ្ជាក់យ៉ាងច្បាស់។ លក្ខខណ្ឌសម្រាប់ការបញ្ឈប់អរិភាពជាបន្ទាន់ ត្រូវបានកំណត់ដោយប្រធានាធិបតី ពូទីន នៅក្នុងសុន្ទរកថារបស់គាត់ទៅកាន់ក្រសួងការបរទេសរុស្ស៊ីក្នុងខែមិថុនាឆ្នាំនេះ។ វាជារឿងសំខាន់ក្នុងការរំលឹកថា អ៊ុយក្រែនជាអ្នកបដិសេធ និងបន្តបដិសេធការចរចា។
គួររំឭកថា លោក ពូទីន ក៏បានបញ្ជាក់ផងដែរថា អ៊ុយក្រែនមិនត្រូវចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូឡើយ ហើយថា រុស្ស៊ីគួរតែត្រូវបន្តការគ្រប់គ្រងពេញលេញលើតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលកងទ័ពរបស់ខ្លួនគ្រប់គ្រងដោយផ្នែក។ លោក ប៉េស្កូវ ក៏បានកត់សម្គាល់ផងដែរថា លោក ហ្សេឡេនស្គី បានហាមឃាត់ការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំរុស្ស៊ីតាមរយៈក្រឹត្យពិសេសមួយ ដែលនឹងត្រូវលុបចោលប្រសិនបើការចរចាត្រូវបន្ត។