ប្រធានាធិបតីអាមេរិក ដាក់ចេញនូវគោលនយោបាយ ៣យ៉ាងឆ្ពោះទៅមុខ ខណៈដែលកងកម្លាំង ប្រឆាំងនៅស៊ីរី បានដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាស់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងសុន្ទរកថាពីសេតវិមាន ដោយបានដាក់ចេញ នូវគោលនយោបាយ ៣យ៉ាងឆ្ពោះទៅមុខ ខណៈដែលកងកម្លាំង ប្រឆាំងនៅក្នុងប្រទេសស៊ីរី បានដណ្តើមកាន់ កាប់រដ្ឋធានីដាម៉ាស់ ដោយព្រមានប្រឆាំងនឹងការគំរាមកំហែង ណាមួយរបស់ពួកជ្រុលនិយម។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក បាសា អាល់អាសាដ បានចាកចេញពីប្រទេសស៊ីរី ហើយបានលាលែងពីតំណែងជាប្រធានាធិបតី របស់ប្រទេសនេះ ខណៈដែលកំពុងអំពាវនាវ ឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងពីបន្ទប់ Roosevelt នៃសេតវិមាន លោក បៃដិន បានលើកឡើងថា រដ្ឋបាលរបស់លោក នឹងជួយការពារការគំរាម កំហែងដ៏មានសក្តានុពលប្រឆាំងនឹងដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ រួមមាន ហ្ស៊កដានី លីបង់ អ៊ីរ៉ាក់ និងអ៊ីស្រាអែល ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ។
ប្រធានាធិបតីរូបនេះបានលើកឡើងថា សហរដ្ឋអាមេរិកនឹងជួយធានាស្ថិរភាព នៅភាគខាងកើតប្រទេសស៊ីរី ការពារបុគ្គលិកណាមួយ បុគ្គលិករបស់យើងប្រឆាំងនឹងការគំរាមកំហែងណាមួយ និងរក្សាបេសកកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមជ្រុលនិយម ដែលគេស្គាល់ថាជារដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងស៊ីរី (ISIS)។
លោកបានបន្ដថា យើងមើលឃើញ យ៉ាងច្បាស់ អំពីការពិតដែលថា ក្រុម ISIS នឹងព្យាយាមទាញយក អត្ថប្រយោជន៍ ពីកន្លែងទំនេរណាមួយដើម្បីបង្កើតសមត្ថភាពរបស់ខ្លួនឡើងវិញ និងដើម្បីបង្កើតទីជម្រកសុវត្ថិភាព។ យើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងនោះទេ។
សហរដ្ឋអាមេរិក នឹងចូលរួមជាមួយក្រុមស៊ីរី ទាំងអស់ រួមទាំងនៅក្នុងដំណើរការ ដែលដឹកនាំដោយអង្គការ សហប្រជាជាតិ ដើម្បីបង្កើត ការផ្លាស់ប្តូរមួយចេញពី” រដ្ឋាភិបាលលោក អាសាដ។ ក្នុងពេលកាន់តំណែងមិន ដល់ពីរខែទៀតនោះ វាមិនច្បាស់ថា រដ្ឋបាលលោក ប៉ៃដិន នឹងបំពេញគោលនយោបាយ ដែលបានប្រកាសខាងលើ ដល់កម្រិតណានោះទេ។