អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ប៉ូច សោភ័ណ សមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក., ឯកឧត្តម ហួត ហេង អគ្គលេខាធិការរងនៃ អ.ដ.ក., ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលរងខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីនៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. និងមន្ត្រីនៃមន្ទី-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង ប្រមាណ ៣២០ នាក់។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ការចុះអនុស្សរណ:នៃការយោគយល់គ្នានេះជាមួយ អ.ដ.ក. នឹងចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសការបញ្ចប់វិវាទ ឬរំលត់វិវាទក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង នឹងមិនឲ្យវិវាទនោះលាប់ ឬសើរើឡើងវិញឡើយ។
ថ្លែងក្នុងពិធីនោះ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់យន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ សំដៅសម្រេចឱ្យបានទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត បានបន្តទៀតថា កិច្ចសហការរវាង អ.ដ.ក. និង រដ្ឋបាលខេត្តនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងទទួលបានការគាំទ្រលើ ២ ចំណុចសំខាន់ពី អ.ដ.ក. គឺ (ទី១)-ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និង (ទី២)- អ.ដ.ក. នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៕