រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រសួងស្ថាប័នទាំងបី នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រសួងស្ថាប័នទាំងបីសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការដែលបានដាក់ចេញ ដើម្បីការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម និងធានាបាននូវសន្តិសុខទឹក ទាំងបរិមាណ និងគុណភាព ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏ដូចជាអាជ្ញាធរទន្លេសាប បានដាក់ចេញនូវផែនការការងារ និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ជាពិសេសការងារអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ ស្របពេលតម្រូវការទឹកមានការកើនឡើងទាំងសម្រាប់ការស្រោចស្រព និងការប្រើប្រាស់លើគ្រប់វិស័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា លទ្ធផលការងារដែលសម្រេចបានរយៈពេល ១ឆ្នាំនេះនឹងក្លាយជាកម្លាំងចលករជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអនុវត្តផែនការការងារសំដៅរួមចំណែកដល់ការអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងមានចំណូលខ្ពស់ឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យកិច្ចប្រជុំ ពិភាក្សា និងវាយតម្លៃឱ្យបានល្អិតល្អន់ពីផែនការដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៥ ផ្អែកលើចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជាបទពិសោធន៍ក្នុងឆ្នាំ២០២៤ ដើម្បីឱ្យការអនុវត្តក្នុងឆ្នាំ២០២៥ កាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចលទ្ធផលតាមផែនការគ្រោងទុក ក្រោមកិច្ចសហការកាន់តែល្អ និងមានការចូលរួមកាន់តែសកម្ម៕