អាជ្ញាធរកូរ៉េខាងត្បូង ហាមប្រាមមន្ត្រីកំពូលៗបន្ថែមទៀតមិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីដាក់បម្រាមដូចគ្នាលើលោកប្រធានាធិបតី យូន ស៊ុកយ៉ុល
សេអ៊ូល៖ សារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃអង្គារទី១០ ខែធ្នូនេះ បានហាមប្រាមមន្ត្រីកំពូលៗបន្ថែមទៀតមិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីបានដាក់បម្រាមដូចគ្នាលើលោកប្រធានាធិបតី យូន ស៊ុកយ៉ុល ជុំវិញការដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។
មួយថ្ងៃបន្ទាប់ពីលោក យូន ត្រូវបានហាមឃាត់ការធ្វើដំណើរ គណបក្សរបស់លោកកំពុងបង្កើតផែនទីបង្ហាញផ្លូវនៃការលាលែងពីតំណែង ហើយត្រូវបានរាយការណ៍ថា លោកនឹងចុះចេញពីតំណែងនៅក្នុងខែកុម្ភៈ ឬខែមីនា មុនពេលការបោះឆ្នោត។ ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតប្រធានាធិបតី និងមន្ត្រីកំពូលៗផ្សេងទៀត។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា លោក ឆូ ជីហូ (Cho Ji-ho) អគ្គស្នងការនៃទីភ្នាក់ងារប៉ូលិសជាតិកូរ៉េ និងមន្ត្រីប៉ូលិសកំពូលពីររូបផ្សេងទៀត បានក្លាយជាបុគ្គលចុងក្រោយបំផុត ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅបរទេស។
ទន្ទឹមគ្នានោះ អតីតរដ្ឋមន្ត្រីការពារជាតិ និងមហាផ្ទៃ មេបញ្ជាការច្បាប់អាជ្ញាសឹក ឧត្តមសេនីយ៍ ផាក អានស៊ូ (Park An-su) និងមេបញ្ជាការប្រឆាំងការស៊ើបការណ៍ការពារជាតិ លោក យូ អ៊ិន-យ៉ុង (Yeo In-hyung) ត្រូវបានបង្ខាំងនៅក្នុងទឹកដីកូរ៉េខាងត្បូងរួចហើយ។
លោក គីម យ៉ុងយ៉ុន (Kim Yong-hyun) អតីតរដ្ឋមន្ត្រីការពារជាតិ ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យ ហើយកាលពីល្ងាចថ្ងៃចន្ទ រដ្ឋអាជ្ញាបានដាក់ដីកាចាប់ខ្លួនជាផ្លូវការប្រឆាំងនឹងរូបលោក៕