អាមេរិក កំពុងរកមធ្យោបាយទាក់ទងជាមួយក្រុមឧទ្ទាមស៊ីរី ក្រោយការដួលរលំរបបលោក Assad
វ៉ាស៊ីនតោន៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងស្វែងរកមធ្យោបាយទំនាក់ទំនងជាមួយក្រុមឧទ្ទាមស៊ីរី ដែលបានផ្ដួលរំលំរបបដឹកនាំរបស់ប្រធានាធិបតី លោក Bashar al-Assad និងកំពុងទាក់ទងជាមួយប្រទេសជាដៃគូក្នុងតំបន់ ក្នុងនោះរួមមានទាំងតួកគី ដើម្បីឱ្យពួកគេជួយចាប់ផ្ដើមកិច្ចសន្ទនាការទូតក្រៅផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងចេញពីក្រសួងការបរទេសអាមេរិក អ្នកនាំពាក្យ លោក Matthew Miller ក៏បានបញ្ជាក់ដែរថាទីក្រុងវ៉ាស៊ីនតោន មានមធ្យោបាយមួយចំនួន ក្នុងការទំនាក់ទំនងជាមួយក្រុមឧទ្ទាមស៊ីរី ជាច្រើនក្រុម ក្នុងនោះរួមមានទាំងក្រុមឧទ្ទាមដែលអាមេរិកចាត់ទុកថាជាអង្គការភេរវកម្មផងដែរ។ បណ្ដារដ្ឋាភិបាលក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងលោកខាងលិចកំពុងព្យាយាមបង្កើត ទំនាក់ទំនងថ្មីជាមួយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលធ្លាប់មានសម្ព័ន្ធភាពជាមួយក្រុមអាល់កៃដា និងដែលបានដឹកនាំក្រុមចម្រុះឧទ្ទាមស៊ីរីក្នុងការផ្ដួលរំលំរបបរបស់ លោក Assad។
បើតាមលោក Miller រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិងកំពុងពិភាក្សាជាមួយមេដឹកនាំក្នុងតំបន់ ហើយបានពិភាក្សាតាមទូរស័ព្ទចំនួន ២លើក ក្នុងរយៈពេល ៤ថ្ងៃមកនេះជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan។
គួរបញ្ជាក់ថា តួកគី មានវត្តមានកងទ័ពរបស់ខ្លួននៅភាគពាយព្យនៃប្រទេសស៊ីរី និងបានផ្ដល់ជំនួយគាំទ្រដល់ក្រុមឧទ្ទាមមួយចំនួន ដូចជា Syrian National Army (SNA) ដែលបាន ចូលរួមក្នុងការវាយលុកផ្ដួលរំលំរបបលោក Assad ក្រោមការដឹកនាំរបស់ក្រុមឧទ្ទាម HTS បើទោះជាតួកគីចាត់ទុកថា HTS ជាអង្គការភេរវកម្មក៏ដោយ។