រដ្ឋបាលលោក ចូ បៃឌិន ជំរុញឱ្យក្រុមឧទ្ទាមដឹកនាំការវាយប្រហារទម្លាក់ប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាដ
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ចូ បៃឌិន បានជំរុញឱ្យក្រុមឧទ្ទាមដឹកនាំការវាយប្រហារទម្លាក់ប្រធានាធិបតីស៊ីរី លោក បាស្ហា អាល់អាសាដ ចេញពីតំណែង មិនអាចជាអ្នកដឹកនាំប្រទេសដោយស្វ័យប្រវត្តិនោះទេ ប៉ុន្តែជំនួសមកវិញនូវដំណើរការរួមបញ្ចូល ដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាល។ នេះបើតាមមន្ត្រីអាម៉េរិក និងជំនួយការសភាដែលបានទំនាក់ទំនងដំបូងជាមួយក្រុមឧទ្ទាម។
ការប្រាស្រ័យទាក់ទងជាមួយក្រុម Hayat Tahrir al-Sham (HTS) ជាក្រុមអតីតសម្ព័ន្ធមិត្តក្រុមអាល់កៃដា និងត្រូវបានកំណត់ជាអង្គការភេរវករដោយសហរដ្ឋអាម៉េរិក ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ារបស់រដ្ឋធានីវ៉ាស៊ីនតោន រួមទាំងតួកគីផងដែរ។ មន្ត្រីម្នាក់បានឱ្យដឹងថា រដ្ឋបាលលោក បៃឌិន ក៏កំពុងទាក់ទងជាមួយក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ អំពីបញ្ហានេះ។ កិច្ចពិភាក្សាដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសម្របសម្រួលជាមួយក្រុមឧទ្ទាមផ្សេងៗនៅក្នុងប្រទេសស៊ីរី ខណៈបងធំអាម៉េរិកព្យាយាមដោះស្រាយភាពវឹកវរ បន្ទាប់ពីការដួលរលំភ្លាមៗនៃរបបគ្រប់ផ្តាច់ការដោយលោក អាសាដ និងគ្រួសារជាង ៥០ឆ្នាំកន្លងមក។
សហរដ្ឋអាម៉េរិក បានផ្ញើសារទៅកាន់ក្រុមឧទ្ទាមដើម្បីជួយណែនាំដល់កិច្ចខិតខំប្រឹងប្រែងមុនគេ ក្នុងការបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងជាផ្លូវការសម្រាប់ប្រទេស។ ក្រុមមន្ត្រីអះអាងថា រដ្ឋាភិបាលវ៉ាស៊ីនតោនជឿជាក់ថា រដ្ឋាភិបាលអន្តរកាលគួរតែតំណាងឱ្យបំណងប្រាថ្នារបស់ប្រជាជនស៊ីរី ហើយនឹងមិនគាំទ្រដល់ការកាន់កាប់របស់ពួក HTS ដោយគ្មានដំណើរការផ្លូវការ ដើម្បីជ្រើសរើសមេដឹកនាំថ្មីនោះទេ។ គេនៅចាំបានថា កាលពីអាទិត្យទី៨ ខែធ្នូ មេដឹកនាំក្រុម HTS លោក អាម៉េដ អាល់សារ៉ា (Ahmed al-Sharaa) ត្រូវបានគេស្គាល់ថា អាប៊ូ ម៉ូហាម៉េដ អាល់ហ្កូឡានី(Abu Mohammed al-Golani) បានផ្តួលរំលំរបបគ្រប់គ្រងរបស់លោក អាសាដ។ ថ្វីបើយ៉ាងនេះ រដ្ឋបាលអាម៉េរិកមិនច្បាស់លាស់អំពីតួនាទីរបស់ លោក ហ្កូឡានី នៅក្នុងរដ្ឋាភិបាលស៊ីរីនាពេលអនាគតនោះទេ ឬថា តើលោកនៅតែប្រកាន់យកមនោគមវិជ្ជាជ្រុលនិយមឬយ៉ាងណា?
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខេន បានដាក់ចេញកាលពីថ្ងៃអង្គារទី១០ ខែធ្នូ នូវលក្ខណៈវិនិច្ឆ័យសម្រាប់ការផ្លាស់ប្ដូរនយោបាយរបស់ប្រទេសស៊ីរី។ ស្របពេលដែលសមាជិកសភាខ្លះ បានជំរុញឱ្យរដ្ឋបាល បៃឌិន ពិចារណាដកទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើប្រទេសស៊ីរី រួមទាំងការដាក់ទណ្ឌកម្មនានា ជាពិសេសទាក់ទងនឹងក្រុមឧទ្ទាម HTS ជាថ្នូរនឹងការទាមទារមួយចំនួនរបស់សហរដ្ឋអាម៉េរិក៕