លោកជំទាវ ម៉ាន ចិន្តា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី “សុខភាពបន្តពូជ និងអាហារូបត្ថម្ភ” ជូនដល់មន្រ្តីទទួលបន្ទុកថ្នាក់ខេត្ត ស្រុក និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មកពីខេត្តគោលដៅទាំង៩
ភ្នំពេញ៖ លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការងារនារី អញ្ជើញជាអធិបតីភាព បេីកវគ្គបណ្តុះបណ្តាល ស្តីពី “សុខភាពបន្តពូជ និងអាហារូបត្ថម្ភ” ជូនដល់មន្រ្តីទទួលបន្ទុកថ្នាក់ខេត្ត ស្រុក និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មកពីខេត្តគោលដៅទាំង៩ រួមមាន ខេត្តបន្ទាយមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ មានចំនួនប្រមាណ ៤៥នាក់ ដែលមានរយៈពេល៣ថ្ងៃ ១១-១៣ ខែធ្នូ ឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយ នាយកដ្ឋានស្រ្តី និងសុខភាពនៃ ក្រសួងកិច្ចការនារី ដោយប្រើប្រាស់រាជរដ្ឋាថវិកាជាតិតាមកម្មវិធី (PB) ធ្វើឡើងនៅសណ្ឋាគារ ដឹវាយផាលែស ក្រុងសិរីសោភ័ណ។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលខាងលើ លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការងារនារី បានលេីកឡេីងថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការកាត់បន្ថយមរណភាពមាតាទារក និងកុមារ តាមរយៈការផ្តល់សេវាពន្យាកំណើត ឬផែនការគ្រួសាររំលូតកូនដោយសុវត្ថិភាពសុខភាព បន្តពូជយុវវ័យ ការថែទាំទារកមុន និងក្រោយសម្រាល ការបង្ការការចម្លងមេរោគអេដស៍ ពីម្ដាយទៅកូន ការផ្តល់វ៉ាក់សាំងបង្ការជំងឺ ការព្យាបាលជំងឺផ្លូវដង្ហើមស្រួច និងជំងឺរាគរូស លើកុមារ ការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភ ការកាត់បន្ថយអត្រាក្រិសក្រិនក្នុងចំណោមកុមារ, ការលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ, ការលើកទឹកចិត្តការបំបៅទឹកដោះម្តាយ តែមួយគត់ព្រមទាំងផ្តល់អាហារបន្ថែមចម្រុះមុខដល់ទារកនិងកុមារតូចឱ្យបានគ្រប់ ការផ្តល់បន្ថែមជីវជាតិអា និងជីវជាតិដែក (អាស៊ីតហ្វូលិក) ការគ្រប់គ្រងជំងឺឆ្លងពិសេស មេរោគអេដស៍/ ជំងឺអេដស៍ របេង និងគ្រុនចាញ់…។ល។ ដើម្បីកែលម្អសុខភាពរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នា លោកជំទាវបន្តថា នៅក្នុងបញ្ចកោណទី១ និង មុំទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ ទី៧ ផ្តោតទៅលើ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោត លើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលពីជំងឺមិនឆ្លងចម្បងៗ, ការបន្តលើកកម្ពស់ សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា, ការពង្រឹង សមត្ថភាព ស្ថាប័ន ក្នុងការដឹកនាំបដិវត្តកម្ម និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល, ការបន្តបង្កើនគុណភាព និងសមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និងការថែទាំ, ការបន្តពង្រឹង គុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល,ការលើកកម្ពស់សមត្ថភាពជំនាញ,ការលើក កម្ពស់កិច្ចសហការរវាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាជនតាមសហគមន៍៕