សម្តេចធិបតី៖ ឧក្រិដ្ឋជនដែលប្រព្រឹត្តខុសច្បាប់ ភាគច្រើនយករូបភាពស្របច្បាប់មកប្រើ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ឧក្រិដ្ឋជនដែលប្រព្រឹត្តខុសច្បាប់ ភាគច្រើនយករូបភាពស្របច្បាប់មកប្រើ បន្ទាប់មកអនុវត្តខុសច្បាប់។
សម្តេចធិបតី បន្តថា ជាក់ស្តែងដូចជាករណីស្រលាញ់គ្នារៀបការជាមួយគ្នារវាងជនបរទេស និងស្រ្តីខ្មែរយើង ដំបូងគេមករៀបការដោយស្របច្បាប់ គ្មានអ្នកណាហាមទេករណីស្រលាញ់គ្នានេះ តែចុងក្រោយក៏មានបញ្ហាអំពីការជួញដូរមនុស្សកើតឡើង។
ជាមួយគ្នានេះសម្តេចធិបតីក៏បានណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ដែលចាំបាច់មានការចូលរួមទាំងអស់គ្នា និងជំរុញឲ្យមានការផ្សព្វផ្សាយឲ្យបានសកម្មចំពោះបញ្ហាការជួញដូរមនុស្ស សម្រាប់ដាស់តឿនដល់ប្រជាជន ជាពិសេស គឺសម្រាប់យុវជនតែម្តង៕