ប្រធានាធិបតីអាម៉េរិកជិតផុតអាណត្តិ លោក ចូ បៃឌិន លើកលែងទោសមនុស្ស៣៩នាក់ និងបន្ធូរបន្ថយទោស១៥០០នាក់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកជិតផុតអាណត្តិ លោក ចូ បៃឌិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១២ធ្នូ ថា លោកបានលើកលែងទោសឱ្យមនុស្ស៣៩នាក់ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មអហិង្សា និងបន្ធូរបន្ថយទោសសម្រាប់មនុស្សជិត១៥០០នាក់ផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគាររយៈពេលវែង។
ការណ៍នេះកើតឡើងក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី បានចុះហត្ថលេខាលើការលើកលែងទោសដោយគ្មានលក្ខខណ្ឌសម្រាប់កូនប្រុសរបស់គាត់ ពោលគឺលោក ហាន់ធឺ បៃឌិន។
លោក បៃឌិន បាននិយាយថា មនុស្សដែលលោកបានផ្តល់ការលើកលែងទោស នឹងទទួលការកាត់ទោសខ្លីជាងនេះ ប្រសិនបើត្រូវបានចោទប្រកាន់ក្រោមច្បាប់ គោលនយោបាយ និងការអនុវត្តនាពេលបច្ចុប្បន្ន។
ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីសប្តាហ៍មុនថា ការលើកលែងទោសដែលកំពុងត្រូវបានពិភាក្សារួមមាន អ្នកដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មគ្រឿងញៀនអហិង្សា និងមនុស្សដែលកំណត់ដោយក្រុមសិទ្ធិមនុស្សថា ជាអ្នកជាប់ឃុំដោយអយុត្តិធម៌។
លោក បៃឌិន បានថ្លែងយ៉ាងដូច្នេះថា៖«ក្នុងនាមជាប្រធានាធិបតី ខ្ញុំមានឯកសិទ្ធិក្នុងការពង្រីកសេចក្តីមេត្តាករុណាដល់មនុស្សដែលបានបង្ហាញវិប្បដិសារី និងការស្តារនីតិសម្បទាឡើងវិញ ផ្តល់ឱកាសសម្រាប់ជនជាតិអាម៉េរិកក្នុងការចូលរួមក្នុងជីវិតប្រចាំថ្ងៃ និងរួមចំណែកដល់សហគមន៍របស់ពួកគេ និងចាត់វិធានការដើម្បីលុបបំបាត់ភាពខុសគ្នា នៃការកាត់ទោសចំពោះជនល្មើសអហិង្សា ជាពិសេស អ្នក ដែល ត្រូវ បាន រក ឃើញ ថា មាន ពិរុទ្ធ ពី បទ ល្មើស គ្រឿង ញៀន»។
លោកប្រធានាធិបតីបានបន្ថែមថា លោកនឹងចាត់វិធានការបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយរដ្ឋបាលរបស់លោកនឹងបន្តពិនិត្យឡើងវិញនូវញត្តិស្តីពីការលើកលែងទោស។ សេតវិមានបានបញ្ជាក់ថា ការប្រកាសលើកលែងទោស និងបន្ធូរបន្ថយទោសដោយលោក បៃឌិន គឺច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលតែមួយថ្ងៃ។
ទន្ទឹមគ្នានោះ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បាននិយាយថា លោកនឹងធ្វើសកម្មភាពនៅថ្ងៃដំបូងរបស់លោកក្នុងការចូលកាន់តំណែង ដើម្បីលើកលែងទោសដល់ក្រុមកុប្បកម្ម ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅអគារកាពីតូល ជាការរំពឹងទុកបន្ថែមទៀតសម្រាប់ការផ្ដល់ការលើកលែងយ៉ាងទូលំទូលាយ៕