លោក ដូណាល់ ត្រាំ ត្រូវបានសួរអំពីឱកាសនៃការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ ក្នុងអំឡុងពេលលោកកាន់តំណែង លោកបានឆ្លើយថា «អ្វីៗក៏អាចកើតឡើងបានដែរ»
វ៉ាស៊ីតោន៖ នៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តី Time ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិកថ្មី លោក ដូណាល់ ត្រាំ ត្រូវបានសួរអំពីឱកាសនៃការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ ក្នុងអំឡុងពេលលោកកាន់តំណែង លោកបានឆ្លើយថា «អ្វីៗក៏អាចកើតឡើងបានដែរ»។
លោក ត្រាំ បានកត់សម្គាល់ថា៖«អ្វីគ្រប់យ៉ាងនឹងអាចកើតឡើង ព្រោះស្ថានភាពបច្ចុប្បន្នងាយនឹងកើតបញ្ហាណាស់»។ លោកបន្តថា បញ្ហាដ៏គ្រោះថ្នាក់បំផុតដែលកើតឡើងនៅពេលនេះ គឺការបាញ់មីស៊ីលរបស់អ៊ុយក្រែន ចូលទៅក្នុងប្រទេសរុស្ស៊ី ដែលលោកបាននិយាយថា គឺជាការកើនឡើងនៃភាពតានតឹងដ៏សំខាន់មួយ។
លោក ត្រាំ ធ្លាប់បានគំរាមអ៊ីរ៉ង់ ខណៈកងឆ្មាំបដិវត្តន៍របស់ប្រទេសនេះ បានព្យាយាមធ្វើឃាតរូបលោក នេះបើយោងតាមរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ យ៉ាងណាមិញ អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះ។
ក្នុងអំឡុងពេលអាណត្តិដំបូងនៅក្នុងឆ្នាំ២០២០ លោក ត្រាំ បានបញ្ជាឱ្យមានការវាយប្រហារតាមអាកាស ដែលបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ ពោលគឺលោក កាសេម សូឡីម៉ានី (Qassem Soleimani)។ លោក ត្រាំ ក្នុងឆ្នាំ២០១៨ ក៏បានដកខ្លួនចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលធ្វើឡើងដោយប្រធានាធិ បតី បារ៉ាក់ អូបាម៉ា ក្នុងឆ្នាំ២០១៥ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើប្រទេសអ៊ីរ៉ង់ ដោយកំណត់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់អាវុធនុយក្លេអ៊ែរ៕