ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ឫសគល់ក្នុងការចែករំលែកព្រះធម៌ និងការរួបរួមគ្នា ដើម្បីសុខដុមនីយកម្មសកល» នៅទីក្រុងកដ្ឋមណ្ឌូនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ឫសគល់ក្នុងការចែករំលែកព្រះធម៌ និងការរួបរួមគ្នា ដើម្បីសុខដុមនីយកម្មសកល (Rooted in Shared Dharma and United in Universal Harmony)» នៅទីក្រុងកដ្ឋមណ្ឌូនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក្រោមអធិបតីភាពឯកឧត្តម ខាត់ហ្កា ប្រាសាដ សាម៉ា អូលី (Khadga Prassad Sharma Oli) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៩ នាឱកាសនេះ បានធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងពុទ្ធសាសនិកក្នុងតំបន់ និងពិភពលោក ព្រមទាំងជាឱកាសសម្រាប់ការផ្លាស់ប្តូរគំនិតទស្សនៈ បទពិសោធន៍ការងាររវាងពុទ្ធសាសនិក និងពុទ្ធសាសនិកជុំវិញតំបន់ និងពិភពលោក សំដៅដាក់ចេញនូវវិធានការណ៍កែលម្អថ្មីៗ ដើម្បីលើកស្ទួយការអភិវឌ្ឍសុខដុមនីយកម្មព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើនថែមទៀតទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។
បន្ថែមលើសពីនេះទៀត កិច្ចប្រជុំតុមូលព្រះពុទ្ធសាសនានេះ ក៏បានបំផុសនូវការរួបរួមកម្លាំងសាមគ្គី ឯកភាពគ្នាទាំងពុទ្ធចក្រ និងអាណាចក្រ បង្កើតបានជាថាមពលរឹងប៉ឹងមួយ ក្នុងចំណោមពុទ្ធបរិស័ទ ឈានទៅរួមគ្នាថែរក្សាមរតកសាសនា លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ប្រកៀកស្មាគ្នាអភិវឌ្ឍន៍ពិភពលោក ក្រោមដំបូលសន្តិភាព និងសុខដុមនីយកម្ម៕