ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានមោទនភាព ចំពោះមន្ត្រីរាជការ ដែលបានផ្តល់សេវាសាធារណៈល្អគាប់ចិត្តច្រើនជាងតួនាទី ឬភារកិច្ចដែលកំណត់
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាលឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែក កម្រិត១ ប៉ុនរ៉ានី ហ៊ុនសែន រ៉ុនតាឯក និងមន្ទីរពេទ្យបង្អែក កម្រិត១ ពាក់ស្នែង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានធ្វើការកោតសរសើរប្រកបដោយមោទនភាព ចំពោះមន្ត្រីរាជការ ដែលជាក្រុមការងាររៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្នុងសកម្មភាព និងកាយវិការនៃការផ្តល់សេវាសាធារណៈបានល្អ និងជាទីគាប់ចិត្តជូនដល់សាធារណជនជាពិសេសបេក្ខជន អស់ពីកម្លាំងកាយចិត្ត ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ លើសពីតួនាទីដែលបានកំណត់របស់ពួកគាត់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ដោយបានរំលឹកថា មន្ត្រីរបស់យើងបានគិតគូរផ្តល់សេវាសាធារណៈ លើសពីការរៀបចំការប្រឡងប្រជែង មិនថាការពរមើលថែកូនតូច ខណៈដែលឳពុក និងម្តាយកំពុងប្រឡងក្នុងពេលតែមួយ, ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់ជូនដល់បេក្ខជនខណៈដែលថេរវេលានៃការប្រឡងប្រជែងត្រូវប្រើប្រាស់ពេលវាលាយូររហូតដល់ ៨ម៉ោង, ការផ្តល់សេវាសុខាភិបាលខណៈដែលបេក្ខជនមានបញ្ហាសុខភាពក្នុងពេលប្រឡង, បានសម្របសម្រួលផ្តល់ព័ត៌មានគ្រប់ដំណាក់កាល និងគ្រប់ជ្រុងជ្រោយទាំងតាមប្រព័ន្ធឡាញ និងដោយផ្ទាល់, ការផ្តល់មធ្យោបាយដឹកជញ្ជូនបេក្ខជនពីមណ្ឌលប្រឡងមួយ ទៅមណ្ឌលប្រឡងមួយទៀតក្នុងករណីបេក្ខជនច្រឡំមណ្ឌលប្រឡង, ការរៀបចំទីតាំងសម្រាប់អាណាព្យាបាលរង់ចាំបេក្ខជន ដោយមានការផ្តល់ជូននំ និងភេសជ្ជៈសម្រាប់អាណាព្យាបាល និងបេក្ខជន ជាពិសេសបានសម្របសម្រួលដំណើរការចូលរួមប្រឡងប្រជែងដល់បេក្ខជនមានពិការភាព រួមទាំងការខ្វល់ខ្វាយ និងយកចិត្តទុកដាក់ជាច្រើនទៀត។
អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតនោះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក៏បានបង្ហាញការសាទរមកលើការរៀបចំការប្រឡងប្រជែងដោយបានលើកឡើងថា “នេះបង្ហាញពីការនវានុវត្តន៍ នៃការដឹកនាំរៀបចំរបស់ក្រសួងមុខងារសាធារណៈ”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការកោតសរសើរ ប្រកបដោយទំនុកចិត្តខ្ពស់ ស្របពេលដែលការប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាល នឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕