ស្ពានព្រែកតាមាក់ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ទំនាក់ទំនងសេដ្ឋកិច្ចទូលំទំលាយរវាងកម្ពុជា-វៀតណាម
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានព្រែកតាមាក់ បាន និងកំពុងផ្តល់អត្ថប្រយោជន៍ទំនាក់ទំនងសេដ្ឋកិច្ចទូលំទំលាយថែមទៀតរវាងកម្ពុជា-វៀតណាម ព្រោះផ្លូវជាតិលេខ៨តភ្ជាប់ពីស្ពាននេះលាតសន្ធឹងរហូតដល់ប្រទេសវៀតណាម ដែលនាំឱ្យមានការផ្លាស់ប្តូរចរន្តទំនិញ-ជំនួញ ព្រមទាំងភ្ញៀវទេសចរផងដែរ។
ក្រសួងសាធារណការបន្តថា ស្ពានព្រែកតាមាក់ ឆ្លងទន្លេមេគង្គ ដែលជាចំណុចប្រសព្វប្រជុំស្រុក៣ គឺស្រុកពញាឮ មុខកំពូល និងខ្សាច់កណ្តាល និងតភ្ជាប់ទៅកាន់ខេត្តព្រៃវែង រួចហើយឆ្ពោះទៅដល់ប្រទេសវៀតណាមទៀតផង។
ក្រសួងបញ្ជាក់ថា ស្ពាននេះ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកមុខកំពូលឆ្លងទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៦៦ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ៕