ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំនិងសមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. សាខាមន្ទីរពេទ្យ និងសកលវិទ្យាល័យ
ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំនិងសមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យ និងសកលវិទ្យាល័យ និងអបអរសាទរខួប១០ឆ្នាំនៃកំណើតសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. នៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិ (សាខាចោមចៅ)។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និង សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ចំនួន ១.៨៣១នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានធ្វើការស្វាគមន៍ និងរាយការណ៍សង្ខេបពីការងារសម្រេចបាន របស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ក្នុងរយៈពេល១០ឆ្នាំមកនេះ ដែលក្នុងនោះរួមមាន ពិនិត្យ ព្យាបាល និងវះកាត់ បានចំនួន ៣៦៨លើក នៅទូទាំង ២៥រាជធានី-ខេត្តនិង១៧មណ្ឌលកុមារកំព្រា ផ្តល់វ៉ាក់សាំងជំងឺនានា ជាពិសេសជំងឺកូវីដ-១៩ ផ្តល់ការពិគ្រោះយោបល់ និងលើកទឹកចិត្តតាមប្រព័ន្ធអនឡាញ (Online) រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងសន្និសីទថ្នាក់អន្តរជាតិជាដើម។
បន្ទាប់ពីបានទទួលនូវសេចក្តីសម្រេចស្តីពីការប្រកាសទទួលស្គាល់ សមាសភាព សមាជិក សមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ចំនួន ២.៧០១រូប ពីឯកឧត្តម ហ៊ុន ម៉ានី រួចមក លោកប្រធានសាខាសាកលវិទ្យាល័យអន្តរជាតិ ក្នុងនាមតំណាង សមាជិក សមាជិកាថ្មីទាំងអស់ ក៏បានមានមតិប្តេជ្ញាចិត្តយ៉ាងមុតមាំលើកិច្ចការងារមួយចំនួនផងដែររួមមាន គោរពអនុវត្តការងារស្របតាមថ្នាក់ដឹកនាំ បង្កើនសាមគ្គីផ្ទៃក្នុង បំពេញតាមតួនាទីវិជ្ជាជីវៈដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា និងចូលរួមវគ្គបណ្តុះបណ្តាលនានាបន្ថែមទៀត ៕