រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ពិនិត្យតាមដានលើវឌ្ឍនភាពការងារក្នុងវិស័យភស្ដុភារកម្ម និងការដឹកជញ្ជូន ដើម្បីសម្រួលប្រតិបត្តិការអាជីវកម្មនៅកម្ពុជាឱ្យបានកាន់តែប្រសើរបន្ថែម
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមការងារ។ កិច្ចប្រជុំនាឱកាសនេះក៏មានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ឧកញ៉ា មន្ត្រីបច្ចេកទេសក្រសួង-ស្ថាប័ន និងតំណាងស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយបែងចែករបៀបវារៈជា ៣វគ្គ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាដោះស្រាយលើបញ្ហាប្រឈមនានា ដោយក្នុងនោះរួមមាន៖ (១). បច្ចុប្បន្នភាពនៃការអភិវឌ្ឍគម្រោងភស្តុភារកម្មរាជធានីភ្នំពេញ (PP-LC) រាយការណ៍ដោយក្រុមហ៊ុន YCH Group, (២). បច្ចុប្បន្នភាពនៃការអភិវឌ្ឍគម្រោងភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) រាយការណ៍ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និង (៣). បទបង្ហាញស្តីពីបញ្ហាប្រឈមសម្រាប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)។
កិច្ចប្រជុំនាឱកាសនេះ ជាការពិនិត្យតាមដានអំពីវឌ្ឍនភាពការងារដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលសំដៅពិនិត្យដោះស្រាយលើបញ្ហាប្រឈមនានាដែលមាននៅក្នុងគម្រោង ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើវិស័យភស្ដុភារកម្ម និងដឹកជញ្ជូន។ ភស្ដុភារកម្ម និងការដឹកញ្ជូន គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញឱ្យឃើញតាមរយៈការអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយក្នុងនោះមានផែនការមេចំនួន៧ សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ សរុប១៧៤គម្រោង ៕