សម្តេចធិបតី៖ ផលលាភនៃសុខសន្តិភាព នឹងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរំលឹកជាថ្មីថា ផលលាភនៃសុខសន្តិភាព នឹងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរ ដូចជាអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាក់ស្តែងដូចជាទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល ពីមុនជាកន្លែងដុះស្មៅពេលនេះ និងទៅអនាគតក្លាយជាកន្លែងដុះអគារខ្ពស់ៗ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សន្តិភាពដែលកម្ពុជារកបានក្នុងពេល២៦ឆ្នាំមកនេះ គឺមានរយៈពេលវែងមកហើយសម្រាប់៥០០ឆ្នាំកន្លងមក ប៉ុន្តែមហិច្ឆតា របស់សម្តេច មិនចង់បានត្រឹមតែប៉ុណ្ណឹងទេ គឺចង់បានសុខសន្តិភាពរហូតទៅ ដូច្នេះសម្តេច បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពនេះ ឲ្យខាងតែបាន។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ផ្ការីកដែលមានអគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធល្អៗនេះ ហើយដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរចង់បាន ដោយសម្តេចបានលើកឡើងថា ផ្ការីករបស់បុគ្គលចាស់វស្សាដែលបានកំពុងអំពាវនាវនៅក្រៅប្រទេសនោះ ប្រជាពលរដ្ឋមិនត្រូវការនោះទេ ៕