ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រៀបចំប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤”
ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
“កម្មវិធីពិសេស”នេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគ ដោយបង្កើនជំនឿទុកចិត្ត, សម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោង, លើកកម្ពស់បរិយាកាសវិនិយោគ, កាត់បន្ថយចំនួនអគារជាប់គាំង, បង្កើនសកម្មភាពធុរកិច្ច, ព្រមទាំងជំរុញឱ្យមន្ត្រីរាជការពាក់ព័ន្ធ យល់និងប្រកាន់របៀបរបបធ្វើការដោយអន្តរសកម្ម និងបុរេសកម្ម ក្នុងការផ្តល់សេវាឱ្យរហ័ស និងមានប្រសិទ្ធភាព។
សូមជម្រាបថា ក្នុងរយៈពេល ១១ខែនេះ, ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ សរុបចំនួន ២១៣គម្រោង ដែលមានទុនវិនិយោគ ៦.០២៦លានដុល្លារអាម៉េរិក និអាចបង្កើតការងារ ឬ ត្រូវការកម្មករ និយោជិតចំនួនប្រមាណ ៣៩.៥៧៨កន្លែង។
ក្នុងឱកាសនេះ ផងដែរ លោកអភិបាលរងបានលើកឡើងថា ថ្វីត្បិតតែការអនុវត្តកម្មវិធីនេះទទួលបានលទ្ធផលជាផ្លែផ្កាលើសសូចនាករដែលបានកំណត់ទុក ក្រុមការងារក៏នឹងបន្តដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្ត និងពង្រីកវិសាលភាពនៃកម្មវិធីដោយរួមបញ្ចូលនូវវិស័យអាទិភាពមួយចំនួនបន្ថែមទៀត ៕