រុស្ស៉ីនឹងពង្រីកឃ្លាំងមីស៊ីលបាលិស្ទីគរបស់ខ្លួនជាមួយប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រស៊េរីថ្មី
Reuters៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់រុស្ស៉ី កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថារុស្ស៉ីនឹងពង្រីកឃ្លាំងមីស៊ីលបាលិស្ទីគរបស់ខ្លួនជាមួយប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រស៊េរីថ្មី ក៏ដូចជា ផែនការធ្វើតេស្ដរយៈចម្ងាយអតិបរាមា ហើយអាចនឹងបង្កើនការធ្វើតេស្ដ ជាការឆ្លើយតបទៅនឹងការកើនឡើងការគំរាមកំហែងពីខាងក្រៅ។។
ជាសារព្រមានច្បាស់ៗថារុស្ស៉ីនឹងធ្វើការឆ្លើយតប ក្នុងករណីសន្តិសុខរបស់ខ្លួនរងការគំរាមកំហែង មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររុស្ស៉ី លោក Sergei Karakayev បានបញ្ជាក់ទៀតថា រុស្ស៉ីមានផែនការធ្វើតេស្ដបាញ់រយៈចម្ងាយអតិបរមា ជាផ្នែកមួយនៃការធ្វើតេស្ដលើប្រព័ន្ធថ្មី។ «បើនិយាយពីរយៈចម្ងាយ គ្មានកន្លែងណាមួយដែលអាចគេចផុតពីមីស៊ីលរបស់យើង បាននោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក Karakayev ប្រាប់កាសែត Krasnaya Zvezda ដែលជាកាសែតផ្លូវការរបស់ក្រសួងការពារជាតិរុស្ស៉ី ជាមួយការបន្ថែមថារុស្ស៉ីអាចនឹងបង្កើនការធ្វើតេស្ដ អាវុធទំនើបថ្មីៗ ប្រសិនបើការគំរាមកំហែងពីខាងក្រៅកើនឡើង។
គួរបញ្ជាក់ថា បើតាមលោក Karakayev រុស្ស៉ី បច្ចុប្បន្នកំពុងអភិវឌ្ឍមីស៊ីលបាលិស្ទីគអន្តរទ្វីបស៊េរីថ្មីមួយមានឈ្មោះថា Osina ហើយក៏ជិតសម្រេចបាននូវការអភិវឌ្ឍមីស៊ីលបាលិស្ទីគ hypersonic រយៈចម្ងាយឆ្ងាយស៊េរីថ្មី Oreshnik ដែលត្រូវបានលោក ពូទីន បញ្ជាក់កាលពីថ្ងៃចន្ទថារុស្ស៉ីនឹងផលិតមីស៊ីលនេះក្នុងទ្រង់ទ្រាយធំក្នុងពេលឆាប់ៗ៕