ទេសរដ្ឋមន្រ្តី លី ធុជ៖ ចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «សកម្មភាពមីន មិនមែនផ្តោតលើតែគ្រាប់មីននោះទេ តែត្រូវផ្តោតសំខាន់លើជីវិត ភាពថ្លៃថ្នូរ និងអនាគតរបស់មនុស្ស»
ភ្នំពេញ៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកិច្ចសហការនៃបណ្តាញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីនតាមរយៈការគ្រប់គ្រងទិន្នន័យជនរងគ្រោះនៅតាមបណ្តារដ្ឋសមាជិកអាស៊ាន។
សិក្ខាសាលាថ្នាក់តំបន់ នេះ រៀបចំឡេីងក្រោមកិច្ចសហការរវាងអាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌល ARMAC និងមានការ ចូលរួម ពី តំណាង ក្រសួង/ស្ថាប័នពាក់ព័ន្ធ តំណាង រដ្ឋសមាជិក អាស៊ាន ប្រទេស ទីម័រលេស , សាធារណរដ្ឋកូរ៉េ, មជ្ឈមណ្ឌល ARMAC, ប្រតិបត្តិករ សកម្មភាព មីន, និង អង្គការ -ស្ថាប័នពាក់ព័ន្ធនឹង កិច្ច ការ ជនរងគ្រោះ។
តាង នាម រាជរដ្ឋាភិបាល កម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌល ARMAC ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ និងការជំរុញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន នៅក្នុងតំបន់អាស៊ាន ហើយ ឯកឧត្តម បានគូសបញ្ជាក់ដែរថា សិក្ខាសាលានេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ជនរងគ្រោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ និងមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រយ៉ាងសំខាន់ ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន ការបោសសម្អាតមីន និងការកសាងសមត្ថភាពនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើភាពបន្ទាន់ ក្នុងការគាំទ្រ និងបំពេញតម្រូវការ របស់ជនរងគ្រោះ ដើម្បីឱ្យពួកគេអាចផ្លាស់ប្តូរជីវិតរបស់ខ្លួន និងអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងក្តីមេត្តាករុណា របស់សម្តេច បានជំរុញដល់កិច្ចខិតខំប្រឹងប្រែង ក្នុងសកម្មភាពបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះនៅកម្ពុជា ហើយក្រោមការដឹកនាំរបស់សម្តេច កម្ពុជា បានឈានមុខនៅក្នុងវិស័យសកម្មភាពមីននៅក្នុងតំបន់ ក៏ដូចជាពិភពលោក ដោយបានប្រែក្លាយផ្ទៃដីរងគ្រោះដោយសារមីន ទៅជាសហគមន៍ដែលមានសុខសុវត្ថិភាព និងមានការអភិវឌ្ឍជាទីកត់សម្គាល់។
ឯកឧត្តម បានលើកឡើងជាពិសេស នូវចក្ខុវិស័យរបស់សម្តេចធិបតី គឺ «សកម្មភាពមីន មិនមែនផ្តោតលើតែគ្រាប់មីននោះទេ តែត្រូវផ្តោតសំខាន់លើ ជីវិត ភាព ថ្លៃថ្នូរ និងអនាគតរបស់មនុស្ស»។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ក៏បានដើរតួរយ៉ាងសំខាន់ នៅក្នុងវិស័យសកម្មភាពមីនសាកល ដោយថ្មីៗនេះ កម្ពជាបានបញ្ចប់ភាពជាប្រធានអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សកម្មភាពមីនសាកល និងបានដាក់ចេញនូវផែនការ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ ដែលជាឯកសារប្រវត្តិសាស្ត្រ និងជាត្រីវិស័យដ៏សំខាន់របស់ពិភពលោក សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅរួម គឺ “ការលុបបំបាត់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយសារមីន”។