សម្តេចតេជោ៖ ជ័យជម្នះក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលបង្កើតឡើងដោយក្រុមប្រឆាំងកន្លងទៅ បានឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពនៃការដឹកនាំរបស់អ្នកបន្តវេនវ័យក្មេង
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ជ័យជម្នះក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលបង្កើតឡើងដោយក្រុមប្រឆាំងកន្លងទៅ បានឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពនៃការដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសមត្ថភាពរបស់អ្នកបន្តវេនវ័យក្មេង ដែលមានភាពម្ចាស់ការខ្ពស់។
សម្តេចតេជោបានថ្លែងថា កន្លងមកនេះក្រុមជ្រុលនិយមបានបំផុស និងប្រើប្រាស់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហាររាជរដ្ឋាភិបាល។ ការណ៍នេះបានធ្វើឱ្យប្រជាជនមួយចំនួនមានការភាន់ច្រឡំដូចជា៖ ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសប្រជាជនឱ្យចូលរួមអនុវត្ត «ផែនការ ១៨ សីហា» ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាព ដល់សង្គមជាតិ ក្នុងគោលដៅឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បន្ទាប់ពីឃើញការអនុវត្តជោគជ័យ នៅប្រទេសបង់ក្លាដេស។
សម្តេចបានបន្តថា បញ្ហានេះបើយើងមិនឈ្លាសវៃ មិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេឈាមខ្មែរនឹងហូរជាថ្មី។ យ៉ាងណាក្តី «ផែនការ ១៨ សីហា» បានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាព សង្គម ត្រូវបានធានាយ៉ាងរឹងមាំ៕