ប្រធានគណបក្សប្រជាជនកម្ពុជា ណែនាំឱ្យសមាជិកបក្សត្រូវយកចិត្តទុកដាក់ការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានានិរន្តរភាពក្នុងការបំពេញការងារឱ្យទទួលបានជោគជ័យ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុប លទ្ធផល ការ ងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្ស ប្រជា ជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យសមាជិកបក្សគណបក្សប្រជាជនកម្ពុជាត្រូវយកចិត្តទុកដាក់ទាំងការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានានិរន្តរភាពក្នុងការបំពេញការងារឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាព។
សម្ដេចតេជោបានឱ្យដឹងថា យោងតាមលទ្ធផលនៃការស្ទង់មតិដែលរៀបចំដោយគណៈចលនាមហាជនកាលពីពេលថ្មីៗនេះ បានបង្ហាញថា មហាជននៅបន្តរក្សាជំហរគាំទ្រចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបានបង្ហាញការគាំទ្រដល់ជួរអ្នកបន្តវេនជំនាន់ថ្មីដ៏មានសក្តានុពល ដែលគណបក្សបានអប់រំ បណ្តុះបណ្តាល និងត្រៀមលក្ខណៈយ៉ាងហ្មត់ចត់បំផុត។
សម្ដេចតេជោបានបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់ គឺក្រុមយុវជនវ័យក្មេងអាយុ១៨-២៥ឆ្នាំ (Generation Z) និងក្រុមវ័យចំណាស់អាយុលើស៥០ឆ្នាំ (Generation X & Baby Boomers) បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជាងក្រុមវ័យដទៃទៀត ពិសេសក្រុមប្រជាជនវ័យកណ្តាលអាយុ២៦-៥០ឆ្នាំ (Generation Y) ដែលជាកម្លាំងសកម្មក្នុងកិច្ចការងារ ហើយកំពុងរងនូវសម្ពាធពីគំនិតទុទ្ទិដ្ឋិនិយម ឬព័ត៌មានក្លែងក្លាយបំភ្លៃដោយមជ្ឈដ្ឋានប្រឆាំងនិងអមិត្ត។ នៅពេលដែលនិយាយពីការរំពឹងទុកការចង់បានចំពោះមុខនេះ អ្វីដែលប្រជាជនគិត ឬយល់ឃើញ និងចង់បានបំផុត គឺជុំវិញការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានណែនាំចំពោះគណៈចលនាមហាជនគ្រប់ថ្នាក់ ត្រូវដើរតួនាទីសំខាន់ក្នុងការដឹកនាំ ណែនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជនរបស់គណបក្ស ក្នុងនោះការកំណត់គោលការណ៍ដឹកនាំ គ្រប់គ្រងការងារចលនាមហាជននៅតាមគ្រប់បណ្តាមូលដ្ឋាន ដើម្បីក្តាប់ឱ្យបាននូវតម្រូវការ សំណូមពរ និងសតិអារម្មណ៍ សំដៅឈានដល់ធ្វើការវិភាគចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់គណបក្ស ហើយកសាងនូវយន្តការដោះស្រាយសមស្របមួយ ដោយអាចចូលរួមជំរុញការអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្ស។ ការតាមដាន ស្វែងយល់ វិភាគសកម្មភាព និងឧបាយកលមជ្ឈដ្ឋានអមិត្ត ក៏ត្រូវបន្ថែមការយកចិត្តទុកដាក់ ដើម្បីមានវិធានការណ៍ឆ្លើយតបជាក់ស្តែងឱ្យបានសមស្របទាន់ពេលវេលាតាមគ្រប់មធ្យោបាយ៕