នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតាំងសម្ដេចតេជោ និងលោក ថាក់ស៊ីន ជាទីប្រឹក្សាផ្ទាល់ សម្រាប់ពេលលោកក្លាយជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ
គូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានតែងតាំងអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាផ្ទាល់ សម្រាប់ពេលលោកក្លាយជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។
កាលពីថ្ងៃចន្ទទី១៦ ខែធ្នូ លោក អាន់វ៉ា បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលថា លោកបានតែងតាំងអ្នកនយោបាយជើងចាស់ និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាផ្ទាល់ស្ដីពីអាស៊ាន។
លោក អាន់វ៉ា បានធ្វើសេចក្តីប្រកាសនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ជាកូនស្រីពៅរបស់លោកថាក់ស៊ីន និងជាសមាជិកទីបួននៃគ្រួសារស៊ីណាវ៉ាត្រា ដែលកាន់មុខតំណែងនយោបាយកំពូលរបស់ប្រទេសថៃ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន (Mohamad Hasan) បានបញ្ជាក់ពីការតែងតាំងបុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់ស្តីពីអាស៊ានរបស់លោក អាន់វ៉ា ផងដែរ។
បើតាមលោក អាន់វ៉ា ទីប្រឹក្សារបស់លោក ក្នុងអំឡុងពេលការដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងមិនមានតួនាទីផ្លូវការណាមួយនៅក្រោមអាស៊ាននោះទេ។
លោក អាន់វ៉ា មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីដំបូន្មានជាក់លាក់ណាមួយ ដែលលោកនឹងស្វែងរកពីទីប្រឹក្សារបស់លោកនោះទេ ឬថាតើនឹងមានការពិគ្រោះញឹកញាប់ប៉ុណ្ណាឡើយ? តាមការសន្មត រដ្ឋាភិបាលម៉ាឡេស៊ី នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការរៀបចំនៅប៉ុន្មានសប្តាហ៍ខាងមុខ។