ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំខែធ្នូ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអញ្ចើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង និងមេបញ្ជាការវរការពារព្រំដែន៦១៩ និងលោកប្រធានច្រកទ្វារទ្វេភាគីជ័យឃ្លាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន រួមនិងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនៅទូទាំងខេត្ត។
មានប្រសាសន៍ថ្លែងបូកសរុបក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំផ្តាំផ្ញើ និងកោតសរសើរចំពោះកងកម្លាំងនគរបាលខេត្ត ទាំងអស់ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចនាពេលកន្លងមក ព្រមទាំងបានដាក់ចេញនៅគោលការណ៍យុទ្ធសាស្រ្តមួយចំនួន និងដាក់បទបញ្ជាដល់កម្លាំងនគរបាលតាមបណ្តាផែន ការិយាល័យជំនាញ អធិការ ស្រុក ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាល ជាពិសេសសង្កត់ធ្ងន់ទៅលើផែនការងារនគរបាលយុត្តិធម៌ សន្តិសុខ សណ្តាប់ធ្នាប់ និងផែនប្រឆាំងបទល្មើសគ្រឿងញៀនអំពីបញ្ហាប្រឈមជាក្តីព្រួយបារម្មណ៍សុខសុវត្ថិភាពក្នុងនាមជាមន្រ្តីនគរបាលជាតិ យើងត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសផ្សេងៗឲ្យបានទាបបំផុត ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ រក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីធានាប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ បន្តផ្តល់សេវាសាធារណៈជាប្រចាំជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការឲ្យបានទាន់ពេលវេលា និងមេបញ្ជាការវរការពារព្រំដែន៦១៩ ត្រូវតែបង្កើនកិច្ចសហការជាមួយយោធាការពារព្រំដែន ក្នុងការចេញល្បាតចល័តតាមខ្សែបន្ទាត់ព្រំដែននិងបង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយប្រទេសជិតខាងជាប់ព្រំប្រទល់ខេត្ត និងខេត្ត ស្រុក និងស្រុក ដើម្បីផ្តល់ព័ត៌មានឲ្យគ្នាទៅវិញ ទៅមកក្នុងន័យទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តការណែនាំបន្ថែមដល់លោកអធិការនគរបាលគ្រប់ស្រុកក្រុង ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ និងត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងកម្លាំងអន្តរាគមន៍ចេញល្បាតចល័ត បង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈជិតទីប្រជុំជនអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ បន្តការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្តជំរុញលើកកម្ពស់ចំពោះមន្រ្តីនគរបាលគ្រប់រូបដែលខិតខំប្រឹងប្រែងធ្វើការងារមានស្នាដៃ ៕