សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនប្រតិបត្តិការសឹករងកំពង់ធំ និងសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ
ភ្នំពេញ៖ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បាននាំយកនូវអង្ករចំនួន ១០តោន មីជាតិចំនួន ៥០០កេស ត្រីខកំប៉ុងចំនួន ១០០កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន ១,០០០យួរ មកប្រគល់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោកតែងតែបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ។ ជាមួយនេះដែរឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំយ៉ាងសកម្ម ក្នុងការជួយដោះស្រាយការលំបាកខ្វះខាត ជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅតាមបណ្ដាមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ យ៉ាងមមាញឹកដូចភ្លៀងរលឹម ហើយនិងបានណែនាំឲ្យបន្តសកម្មភាពនេះតទៅទៀត ដើម្បីបានជាប្រយោជន៍ដល់បងប្អូនអតីតយុទ្ធជនយើង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរព និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាល លោកតែងតែឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ជាបន្តបន្ទាប់ សម្រាប់ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនបងប្អូនអតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តបន្តសកម្មភាពនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគទាំងនេះ ទៅផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ពិតប្រាកដ នៅតាមមូលដ្ឋាននានា និងសូមគោរពជូនពរសម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមទទួលបាននូវពុទ្ធពរទាំងប្រាំបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕