ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី សកម្មភាពគាំទ្រសូចនាករគាំទ្រយុទ្ធសាស្ត្របញ្ចកោណ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “សកម្មភាពគាំទ្រសូចនាករគាំទ្រយុទ្ធសាស្ត្របញ្ចកោណ” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។
កិច្ចប្រជុំនេះផ្តោតពិភាក្សាលើ (១). សូចនាករឆ្លើយតបយុទ្ធសាស្ត្របញ្ចកោណ សូចនាករគាំទ្រ និងផែនការសកម្មភាព (២). សេចក្តីព្រាងរបាយការណ៍សង្ខេបការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ, លទ្ធផលនៃការពិនិត្យបន្ថែមការវិភាគសមិទ្ធផលនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ (៣). បូកសរុបលទ្ធផល និងលើកទិសដៅបន្ត។
ការអភិវឌ្ឍមូលធនមនុស្សនៅតែជាអាទិភាពគន្លឹះ ដែលត្រូវផ្ដោតយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ មុំទី១ នៃបញ្ចកោណយុទ្ធសាស្ត្រទី១ «ការអភិវឌ្ឍមូលធនមនុស្ស» គឺការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដែលមានគោលបំណង បង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្ដុះបណ្ដាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដោយផ្ដោតលើការពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងលើគុណភាពនៃការបណ្ដុះបណ្ដាលគ្រប់កម្រិត ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងការអប់រំកាយ និងកីឡា។
ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖ ១). លទ្ធផលនៃកម្មវិធីវាយតម្លៃសិស្សជាអន្តរជាតិ (PISA), ២). អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ និង ៣). អត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។ ក្រសួងក៏បានរៀបចំសូចនាករអប់រំគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានដាក់ចេញនូវសកម្មភាពជាក់លាក់ ដោយបន្ស៊ីជាមួយនឹងអាទិភាពកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវអាទិភាពគោលនយោបាយក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ ដោយ «ធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកប ដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត»។ អាទិភាពចម្បងចំនួន ៨ ត្រូវបានកំណត់សម្រាប់អនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ រួមមាន៖ ១).ការពង្រឹងអភិបាលកិច្ចសាលារៀន, ២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, ៤).ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ, ៥).ការអប់រំឌីជីថល, ៦). ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ៧).ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាពនិង ៨).ការអភិវឌ្ឍការអប់រំកាយ និងកីឡា។
ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ឈានទៅសម្រេចផែនការយុទ្ធសាស្ត្រដែលបានកំណត់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ឱ្យក្រុមការងារទាំងអស់ ត្រូវធ្វើការវិភាគផ្អែកលើមូលហេតុគាំទ្រ និងឈានទៅព្យាករណ៍ ចំនួនសាលាដែលនឹងប្រែក្លាយជាសាលារៀនគំរូ ចំនួនគ្រូបង្រៀន ចំនួនសិស្ស ផ្សារភ្ជាប់នឹងអត្រាដែលឆ្លុះបញ្ចាំងនូវបរិមាណ និងគុណភាព, បន្ថែមការយកចិត្តទុកដាក់លើការពន្យល់ ដោយផ្អែកលើហេតុផលសមស្រប និងនិន្នាការនៃអត្រាប្រែប្រួលក្នុងរយៈ១០ឆ្នាំ ពិនិត្យមើលសូចនាការក្នុងសន្និបាតអប់រំ និងកំណត់ក្របខណ្ឌវាយតម្លៃថ្នាក់ជាតិ លទ្ធផលនៃការវិភាគ១០ឆ្នាំ លទ្ធផលលើ ESP និងនិន្នាការ ១០ឆ្នាំទៅមុខ៕