ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ៖ ការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ ជាការស្ម័គ្រចិត្ត ដើម្បីជីវភាពរស់នៅសមរម្យ
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៩ធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានថា ការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ ពុំមានការបណ្តេញចេញដោយបង្ខំ ឬការផ្លាស់ទីលំនៅដោយបំពាន ពោលគឺជាការស្ម័គ្រចិត្ត ដើម្បីជីវភាពរស់នៅសមរម្យ មិនដូចដែលអ្នករាយការណ៍ពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអះអាងនោះទេ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា គូសបញ្ជាក់ថា ការចោទប្រកាន់ថា ការបណ្តេញចេញដោយបង្ខំ និងការតាំងទីលំនៅថ្មីដោយគ្មានការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ ដោយពុំបានផ្តល់លទ្ធភាពពិភាក្សាអំពីជម្រើសសម្រាប់ការផ្លាស់ទីលំនៅថ្មី ឬ ដោយគ្មានការផ្ដល់ជូនជំនួសមកវិញឱ្យបានគ្រប់គ្រាន់ គឺជាការបំភាន់ទាំងស្រុង។ អាជ្ញាធរកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ខិតខំសម្របសម្រួលជាមួយប្រជាពលរដ្ឋពាក់ព័ន្ធដោយប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។ ក្នុងនោះដែរ បានធ្វើការប្រជុំពិគ្រោះយោបល់ជាមួយភាគី និងសហគមន៍ពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ ពន្យល់អំពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីធានាការអភិរក្សឱ្យមានប្រសិទ្ធភាព ស្របជាមួយនឹងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជនក្នុងតំបន់។
ផ្ទុយពីការចោទប្រកាន់នេះ ប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញទៅកាន់ទីតាំងថ្មី ដោយទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ទទួលបាននូវសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចាំចាច់រួមមាន៖ ផ្លូវ សាលារៀន មណ្ឌលសុខភាព វត្តអារាម និងផ្សារ ដែលត្រូវបានសាងសង់សម្រាប់ពួកគាត់។ ជាមួយគ្នានោះ ស្ថានបេសកកម្ម បានគូសបញ្ជាក់ថា «ពុំមានការយាយី ការគំរាមកំហែង ឬក៏អំពើហិង្សាក្នុងការបណ្តេញចេញ និងការផ្លាស់ទីលំនៅថ្មីដោយបង្ខំ ដូចដែលបានចោទប្រកាន់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនោះឡើយ។ ប៉ុន្តែការផ្លាស់ទីលំនៅត្រូវបានធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្តសម្រាប់លំនៅឋានសមរម្យ និងជីវភាពកាន់តែប្រសើរ។ ពុំមានវិធានការបង្ខិតបង្ខំដោយអាជ្ញាធរ ក្នុងការបង្ខំប្រជាពលរដ្ឋឱ្យចាកចេញពីតំបន់អង្គរឡើយ។ វិធានការខ្លះ គឺគ្រាន់តែអនុវត្តឡើងទៅលើជនអនាធិបតេយ្យ ដែលចូលកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់អភិរក្សអង្គរ ដែលនេះជារឿងទូទៅនៅគ្រប់ប្រទេសលើសកលលោក»។
សូមរំឭកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន សម្ដែងការព្រួយបារម្ភ ចំពោះការតាំងទីលំនៅថ្មីដោយបង្ខំលើប្រជាពលរដ្ឋប្រមាណ៤០០០០នាក់ ចេញពីផ្ទះ និងដីធ្លីរបស់ពួកគេក្នុងតំបន់អង្គរ និងមានរបាយការណ៍គួរឱ្យព្រួយបារម្ភអំពីការយាយី និងការគំរាមកំហែង។ សេចក្តីថ្លែងការដដែលបានលើកទ្បើងថា កម្ពុជាត្រូវតែបញ្ឈប់ជាបន្ទាន់នូវការបណ្តេញចេញដោយបង្ខំ និងការផ្លាស់ទីលំនៅតាមអំពើចិត្ត ហើយការតាំងទីលំនៅថ្មីរបស់សហគមន៍ គឺជាការចាំបាច់ និងធានាថា វាត្រូវបានអនុវត្តស្របតាមស្ដង់ដារសិទ្ធិមនុស្សអន្តរជាតិ៕