ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើបទបង្ហាញពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ជូនដល់សហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានិងស្ថានភាពសេដ្ឋកិច្ចសកល ជូនដល់ផែនសហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ នៅក្នុងនៅក្នុងកម្មវិធី “កាត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” រៀបចំឡើងដោយ សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការគាំទ្រពីធនាគារ ARDB ដែលមានអ្នកចូលរួមសរុបចំនួន ១៦០នាក់ ក្នុងនោះស្រី ៤៦នាក់។
នៅក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានគណៈអចិន្ត្រៃយ៍គណបក្ស ខេត្តសៀមរាប,ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា,លោក យាវ ដាវី ប្រធានផែនសហគ្រិនវ័យក្មេង ខេត្តសៀមរាប។
មុនចាប់ផ្តើមធ្វើបទបង្ហាញ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍រម្លឹកពីគុណដំណាច់ដ៏ធំធេង ក្រោមការដឹកនាំដ៏ថ្លៃថ្លាប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារក្សាកំណើនស្ថេរភាពជាបន្តបន្ទាប់។
ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់សមាគមសហគ្រិនវ័យក្មេង ដែលបានខិតខំ អស់ពីកម្លាំងកាយចិត្ត ក្នុងការរៀចំកម្មវិធីនេះឡើង ដើម្បីផ្តល់ជាវេទិកាសម្រាប់កិច្ចពិភាក្សា ក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មីចំពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត បានបង្ហាញពីសារៈសំខាន់នៃវិស័យសហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈ ការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច, ការបង្កើតឱកាសការងារថ្មី, និងការជះឥទ្ធិពលវិជ្ជមានដល់ ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់ជូននូវទស្សនវិស័យមួយចំនួនក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី ពិសេសវិស័យអាទិភាពសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖
១). បន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យកសិកម្ម ពិសេសការវិនិយោគទៅលើបច្ចេកទេសនៃការធ្វើកសិកម្មប្រកបដោយចីរភាព។
២). ចាប់យកឱកាសនៃការវិវត្តវិស័យបច្ចេកវិទ្យា ដែលកំពុងតែផ្តល់កាលានុវត្តភាព លើនវានុវត្តន៍អាជីវកម្មថ្មី (Innovative Business Solutions) ដូចជា សេវាកម្ម ទូទាត់ (Payment), ទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce), សេវាកម្មព័ត៌មានវិទ្យាសម្រាប់សម្រួលដល់ផ្នែកអាជីវកម្ម (Information-enabled Business Services), និងសេវាកម្មផ្នែករក្សាទិន្នន័យ (Cloud-Service) ជាដើម។
៣). បន្តតាមដាន និងវិភាគ លើការវិវត្តនៃវិស័យកម្មសាន្ត (មិនមែនកាត់ដេរ) ដែល កំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជា ការផលិតស៊ីមីកុងឌុចទ័រ (Semicon- ductors) និង ឧស្សាហកម្មអេឡិចត្រូនិច (Industrial Electronics) ជាដើម។
៤) ចាប់យកឱកាសនៃការវិនិយោគទៅលើអាជីវកម្មបៃតង (Green Business) ៕