ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង
បាងកក៖ កងកម្លាំងទ័ពអាកាសថៃបានបញ្ចេញយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង ដែលបានរំលោភចូលដែនអាកាសថៃកាលពីថ្ងៃទី២០ ខែធ្នូ។
អ្នកនាំពាក្យកងទ័ពអាកាស លោក ប្រាប៉ាស សុនចៃ (Prapass Sonjai) បាននិយាយថា នៅម៉ោង១១ព្រឹកម្សិលមិញ យន្តហោះចម្បាំង F-16 ពីរគ្រឿងត្រូវបានដាក់ពង្រាយដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង ដែលបានរំលោភលើដែនអាកាសថៃនៅស្រុក Popphra នៃខេត្តតាក់ (Tak) ជាប់ព្រំដែនក្រុង Myawaddy ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។
យន្តហោះដែលឈ្លានពានបានហោះហើរក្នុងរយៈកម្ពស់ជាង១,៥គីឡូម៉ែត្រ ហើយអង្គភាពគ្រប់គ្រងការហោះហើរបានបញ្ជាឱ្យយន្តហោះចម្បាំង F-16 ពីរគ្រឿងហោះហើរ ដើម្បីកំណត់អត្តសញ្ញាណ និងបណ្តេញវា។ ការណ៍ដែលកងទ័ពអាកាសបានប្រញាប់ប្រញាល់បញ្ចេញយន្តហោះ ដើម្បីបណ្ដេញយន្តហោះមិនស្គាល់អត្តសញ្ញាណដែលបានរំលោភដែនអាកាសថៃ ហើយទំនងជាគំរាមកំហែងដល់ប្រទេសថៃ បង្ហាញថា ថៃត្រៀមខ្លួនជាស្រេចដើម្បីការពារដែនអាកាសរបស់ខ្លួន និងអធិបតេយ្យភាពរបស់ប្រទេស ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន៕