ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម
ហាណូយ៖ បើតាមការចុះផ្សាយរបស់កាសែតវៀតណាម VnExpress មនុស្ស១០នាក់ត្រូវបានចាប់ខ្លួន និងរឹបអូសបានថ្នាំញៀនជាង២០០គីឡូក្រាម បន្ទាប់ពីប៉ូលិសបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវទៅកាន់ប្រទេសវៀតណាម។
នាយកដ្ឋានប៉ូលិសស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន ក្រោមក្រសួងសន្តិសុខសាធារណៈ បានបញ្ជាក់កាលពីថ្ងៃសុក្រទី២០ ខែធ្នូថា មេខ្លោងក្រុមរត់ពន្ធនេះឈ្មោះ លី ថាញ់ហ៊ូ (Ly Thanh Huu) អាយុ៤០ ឆ្នាំមកពីស្រុក Hoc Mon ទីក្រុងព្រៃនគរកម្ពុជាក្រោម(ហូជីមិញ)។ ឯកសារនិងវត្ថុ ផ្សេងៗ ពាក់ព័ន្ធ នឹង ប្រតិបត្តិការរត់ពន្ធក៏ត្រូវបានរឹបអូសផងដែរ។
ប៉ូលិសបានបញ្ជាក់ថា លោក ហ៊ូ បានផ្លាស់ប្ដូរផ្លូវរត់ពន្ធជាច្រើនដងដើម្បីគេចពីអាជ្ញាធរ។ នៅចុងខែសីហា ឆ្នាំ២០២៤ ប៉ូលិសបានទទួលព័ត៌មានថាអ្នករត់ពន្ធនឹងដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ព្រំដែនតាមរថយន្តក្រុងដឹកអ្នកដំណើររវាងខេត្ត Nghe An ភាគកណ្តាល ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ និងរដ្ឋធានីហាណូយ ហើយនឹងជួញដូរថ្នាំញៀនចំនួនប្រាំបាវនៅកីឡដ្ឋាន My Dinh រដ្ឋធានីហាណូយ។
ប៉ូលិសបានចាប់ខ្លួនអ្នកបើករថយន្តក្រុង ហូ ក្វាងណាន (Ho Quang Nhan) អាយុ២៥ឆ្នាំ និងឈ្មោះ ក្វាន់ ទ្រុងកាវ (Quan Trong Cao) និងឈ្មោះ លី វ៉ាន់ហ៊ុយ (Ly Van Huy) អាយុ២២ឆ្នាំ។
លោកកាវបានសារភាពថា បន្ថែមពីលើថ្នាំញៀនដែលបានរកឃើញនោះ គាត់ក៏បានផ្ញើប្រអប់ក្រដាសកាតុងចំនួនបីដែលមានថ្នាំញៀនទៅកាន់លំនៅដ្ឋានអ្នកជិតខាងរបស់គាត់នៅរដ្ឋធានីហាណូយផងដែរ។ផ្អែកតាម ចម្លើយសារភាពរបស់បុរសនោះប៉ូលិស បាន បន្តការស៊ើបអង្កេតនិងបង្ក្រាបការរត់ពន្ធធំ ដែលរួមមាន៖ មេខ្លោងដឹកនាំម្នាក់មាន សញ្ជាតិឡាវ៕