ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ
ភ្នំពេញ៖ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងយកចិត្តទុកដាក់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាទឹកចិត្តសប្បុរស កើតចេញពីក្តីអាណិតស្រលាញ់ និងដោយរស់នៅក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំលោកមេបញ្ជាការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងក្រុមការងារ កងរាជអាវុធហត្ថកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពរស់នៅ ខ្វះខាត ជួបការលំបាក ប្រចាំថ្ងៃ ចំនួន ០៥គ្រួសារ ដែលរស់នៅក្នុងឃឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយលោកបានឧបត្ថម្ភក្នុងមួយគ្រួសារ ទទួលបាននូវថវិកាចំនួន ២០០.០០០រៀល, អង្ករ ០២ប៉ាវ, ទឹកសុទ្ធ ០២កេស, មីម៉ាម៉ា ០២កេស, ទឹកក្រូច ០២កេស, ត្រីខ ០១យួ និងទឹកសុីអុីវ ០១យួ ផងដែរ។
ស្ថិតក្នុងពេលនោះដែរ បងប្អូនប្រជាពលរដ្ឋដែលទទួលបាននូវអំណោយដ៏ថ្លៃថ្លានេះ បានសម្តែងនូវអារម្មណ៍សប្បាយចិត្តរីករាយ រំភើបអត់ឧបមារ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដែលបានចំណាយថវិកា លះបង់ពេលវេលាសម្រាប់ពួកគាត់។
ជាចុងក្រោយគាត់មានតែម្រាមដៃដប់លើកបួងសួង នឹងជួនពរជ័យ សូមអោយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមការងារអាវុធហត្ថដែលបានអមដំណើរមក សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕