ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា
ភ្នំពេញ៖ នៅលើឧទ្យានជាតិ ព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលស្វាគមន៍អ្នកប្រតិបត្តិសាសនា ទេសចរជាតិ និងអន្តរជាតិ ជាច្រើនបន្តបន្ទាប់ ដើម្បីមកសម្រាកលំហែ បានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅដែលមានធម្មជាតិនិងតំបន់ទេសភាពដ៏ស្រស់ស្អាតព័ទ្ធជុំវិញ។
ពេលនេះ ភាពស្អាតក្នុងចិត្តបានកំពុងសាយភាយចេញពីមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលភាពស្អាត មិនត្រឹមតែបានបណ្តុះគំនិតស្អាតពីក្នុងខ្លួន ហើយពេលនេះចេញមកក្រៅ និងក្នុងសង្គមថែមទៀត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ភាពស្អាតក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជាជាមូលដ្ឋានគ្រឹះ ដែលនឹងនាំទៅដល់ភាពស្អាតខាងក្រៅខ្លួនក្នុងប្រទេសកម្ពុជា និងភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ សម្រាប់រយៈពេលវែង និងចីរភាព។
សូមបញ្ជាក់ថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងផជំរុញឱ្យមានការចូលរួម រក្សាបាននូវសុខមាលភាពប្រជាពលរដ្ឋ ការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាច្រើនកុះករ ដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជា ផងដែរ។ ក្នុងឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានរៀបចំកន្លែងវិបស្សនាតាមរចនាបទខ្មែរទំនើប ចំនួន៥០កន្លែង នៅក្នុងបរិវេណ មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង ដែលគាំទ្រដល់ការលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន និងការជួយដល់កិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ៕