សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ចាត់ទុកការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតីបានថ្លែងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ មិនមែនជាការបញ្ចប់គោលដៅជីវិតនោះឡើយ គ្រាន់តែជាការវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈដំណើរជីវិតជាបន្តទៀត។
ជាមួយគ្នានេះសម្តេចធិបតី បានថ្លែងលើកទឹកចិត្តថា កុំបាក់ទឹកចិត្ត ព្រោះមិនបាននិទ្ទេស A ត្រូវមានទស្សនៈវិជ្ជមាន ហើយលើកទឹកចិត្តខ្លួនឯងប្រឹងប្រែងបន្តទៅទៀត៕