សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអាណាព្យាបាល មាតា បិតា គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សៀវភៅទាំងនោះ មិនចាំបាច់តែសៀវភៅដែលបង្ហាញពីចំណេះដឹងជ្រៅជ្រះនោះទេ សូម្បីតែសៀវភៅរឿងព្រេង សៀវភៅតុក្កតា ក៏ត្រូវជំរុញឱ្យអានផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធឱ្យរៀបចំ កម្មវិធីតាំងពិព័រណ៍សៀវភៅឱ្យបានច្រើន។ សម្ដេចក៏បានជំរុញលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងក្មេងៗត្រូវមានទម្លាប់អានឱ្យបានច្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអានសៀវភៅ នាំឱ្យកាត់បន្ថយគម្លាតពីការ កាន់ទូរសព្ទ, ថេបប្លេត ឬ គ្រឿងអេឡិចត្រូនិកនានា។ ការអានសៀវភៅនាំឱ្យកើនចំណេះ និងផ្ដោតអា រម្មណ៍បានល្អ ៕